(អ៊ីស្រាអែល)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថា នឹងប្រកាសទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល នៅក្នុងសប្តាហ៍នេះដែលសេចក្តីប្រកាសនេះនឹងក្លាយជារឿងដ៏ចម្រូងចម្រាសមួយទូទាំងពិភពលោកទាំងមូល។

សេចក្តីប្រកាសដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាការបោះមួយជំហានឆ្ពោះទៅរកការបំពេញតាមការសន្យា ក្នុងយុទ្ធនាការរបស់លោក គឺការផា្លស់ប្តូរស្ថានទូតអាមេរិក ពីទីក្រុង តែល អាវីវ (Tel Aviv) ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម ស្របតាមបំណងប្រាថ្នាដ៏យូរអង្វែងរបស់ អ៊ីស្រាអែល។ សេចក្តីប្រកាសថ្មីនេះ មានភាពបញ្ច្រាសគ្នាជាមួយអតីតប្រធានាធិបតីអាមេរិកកន្លងមក ដោយសារពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ និងប្រជែងគ្នាដណ្តើមទីក្រុង ហ្សេរុយសាឡឹម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយភាគីទាំងពីរប្រកាសថា ទីក្រុងវិសុទ្ធនេះ ជារដ្ឋធានីរបស់ពួកគេរៀងៗខ្លួន។

តាមរយៈការធ្វើសេចក្តីសម្រេចជាសាធារណៈបែបនេះ លោក Trump ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាទៅលើលិខិតបដិសេធមិនរក្សាទុកស្ថានទូតអាមេរិក ក្នុងទីក្រុង Tel Aviv សម្រាប់រយៈពេលប្រាំមួយខែតទៀតឡើយ។ ប៉ុន្តែក្រសួងការបរទេសទទួលបានដំណឹងថា នឹងមានការធ្វើបាតុកម្មដោយហិង្សានៅស្ថានទូត និងស្ថានកុងស៊ុលអាមេរិក ប្រសិនបើសេតវិមានពិតជាប្រកាសពីការផ្លាស់ប្តូរថ្មីនេះ។

ខាងក្រោមនេះជាសំណួរសំខាន់ៗ ជុំវិញរដ្ឋធានីដ៏វិវាទ ហ្សេរុយសាឡឹម៖

១៖ តើដែនដីហ្សេរុយសាឡឹមមានប្រវត្តិបែបណា ក្រោយសង្គ្រាមលោកលើកទីពីរ?

គម្រោងបែងចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ បានចាត់ទុកទីក្រុង ហ្សេរុយសាឡឹម ថាជា «ទីក្រុងកម្មសិទ្ធរបស់អន្តរជាតិ» ដាច់ដោយឡែក។ ប៉ុន្តែសង្គ្រាមដែលកើតឡើងក្នុងរយៈពេលមួយឆ្នំាបន្ទាប់ពីសេចក្តីប្រកាសឯករាជ្យ ធ្វើឱ្យទីក្រុងនេះត្រូវបែងចែក។ បន្ទាប់ពីជម្លោះបញ្ចប់ក្នុងឆ្នាំ១៩៤៩ បន្ទាត់ព្រំដែន យុទ្ធសន្តិភាព ដែលជាទូទៅត្រូវបានគេហៅថាបន្ទាត់បៃតង (ដោយសារវាត្រូវបានគូសកំណត់ដោយថ្នាំពណ៌បៃតង) បង្ហាញថា អ៊ីស្រាអែលបានគ្រប់គ្រងលើ ពាក់កណ្តាលនៃភាគខាងលិច ដោយឡែកហ្ស៊កដានី គ្រប់គ្រងពាក់កណ្តាលភាគខាងកើតនៃទីក្រុង ដែលក្នុងនោះរួមទាំងទីក្រុងចាស់បុរាណដ៏ល្បីល្បាញផងដែរ។

២៖ តើវាត្រូវបានផ្លាស់ប្តូរតាំងពីពេលណា?

ក្នុងសម័យសង្គ្រាម៦ថ្ងៃ ឆ្នាំ១៩៦៧ អ៊ីស្រាអែល វាយកាន់កាប់បានទៅលើភាគខាងកើត ហ្សេរុយសាឡឹម ផងដែរ។ ចាប់តាំងពីពេលនោះមក ទីក្រុងទាំងមូល ត្រូវបានស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេស អ៊ីស្រាអែល។ ទីក្រុងទាំងមូលរំលឹកដល់ «ទិវាហ្សេរុយសាឡឹម» នៅចុងខែឧសភា ឬដើមខែមិថុនា។ ប៉ុន្តែភាគីប៉ាឡេស្ទីន និងបណ្តាសហគមន៍អន្តរជាតិជាច្រើន បន្តចាត់ទុកថា ភាគខាងកើតនៃទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន។

៣៖ ហេតុអ្វីបានជាសេចក្តីប្រកាសថា ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ជារឿងដ៏រសើប?

«តើភាគីណាជាម្ចាស់កម្មសិទ្ធនៃដែនដី ហ្សេរុយសាឡឹម?» ត្រូវបានចាត់ទុកជាសំណួរដ៏ពិបាកឆ្លើយបំផុតក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រសិនបើសហរដ្ឋអាមេរិកប្រកាសចាត់ទុកថា ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល វានឹងត្រូវបានគេមើលឃើញថា ជាការកាត់ក្តីទុកជាមុន ជាសេចក្តីសម្រេចដែលបំពានជាខ្លាំងលើមតិអន្តរជាតិទាក់ទងនឹងទីក្រុងដ៏វិសុទ្ធនេះ។ ម្យ៉ាងវិញទៀតសេចក្តីប្រកាសនេះ នឹងធ្វើឱ្យអាមេរិកត្រូវប្រឈមមុខ មិនមែនត្រឹមតែជាមួយប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែគឺបណ្តាប្រទេសនៅពិភពអារ៉ាប់ទាំងមូលតែម្តង។ ពួកគេនឹងមិនឈរអោបដៃមើល ដោយបណ្តោយឱ្យទីក្រុង ដ៏វិសុទ្ធរបស់ខ្លួន ក្លាយជាកម្មសិទ្ធរបស់អ៊ីស្រាអែលដោយងាយៗបានឡើយ។

៤៖ តើដំណើរការផ្លាស់ប្តូរស្ថានទូតនឹងប្រព្រឹត្តទៅដោយរបៀបណា?

ការពិតទៅត្រឹមតែផា្លស់ប្តូរស្ថានទូត ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម គឺជារឿងដ៏សាមញ្ញមួយប៉ុណ្ណោះ។ ជាក់ស្តែងស្ថានកុងស៊ុលអាមេរិក ស្ថិតនៅក្នុងទីក្រុងនេះ ខណៈដែលស្ថានទូតអាមេរិក ស្ថិតនៅក្នុងទីក្រុង Tel Aviv។ ហេតុនេះគ្រាន់តែប្តូរឈ្មោះពីស្ថានកុងស៊ុល មកជាស្ថានទូត និងប្តូរឈ្មោះពីស្ថានទូត ទៅជាស្ថានកុងស៊ុលជាការស្រេច។ ប៉ុន្តែនេះគ្រាន់តែជាការលើកឡើងពីផ្នែកមួយដែលសាមញ្ញៗប៉ុណ្ណោះ។ សម្រាប់រឿងស៊ីជម្រៅ ការផ្លាស់ប្តូរស្ថានទូតនឹងបង្កវិបត្តិការទូតយ៉ាងធ្ងន់ធ្ងរក្នុងចំណោមរដ្ឋអារ៉ាប់ ដែលក្នុងនោះរួមទាំងការរីករាលដាលនូវបាតុកម្មនៅខាងក្រៅស្ថានទូតអាមេរិក ទាំងក្នុងរដ្ឋនោះ និងបណ្តាប្រទេសផ្សេងទៀត។

ត្រឹមតែការផ្លាស់ប្តូរស្ថានទូតនេះ នឹងបង្កផលប៉ះពាល់ដល់អារម្មណ៍របស់មនុស្សមិនថា តែនៅហ្សេរុយសាឡឹមប៉ុណ្ណោះទេ ប៉ុន្តែក្នុងបណ្តារដ្ឋផ្សេងៗទៀតផងដែរ។ វាជាការផ្លាស់ប្តូរកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានអាយុកាលរយៈពេលជាង៧០ឆ្នាំមកនេះ វាជាការបង្កជម្លោះ ជាការបញ្ចប់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឈានទៅរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

៥៖ តើអ្នកណារស់នៅក្នុងទីក្រុង ហ្សេរុយសាឡឹម?

បច្ចុប្បន្នមនុស្សប្រមាណ ៨៥ម៉ឺននាក់កំពុងរស់នៅក្នុងទីក្រុង ហ្សេរុយសាឡឹម ក្នុងនោះ ៣៧ភាគរយជាជនជាតិអារ៉ាប់ និង៦១ភាគរយជាជនជាតិជ្វីប នេះបើយោងតាមតួលេខរបស់វិទ្យាស្ថានវិភាគឯករាជ្យប្រចាំហ្សេរុយសាឡឹម។ ៩៦ភាគរយ នៃប្រជាពលរដ្ឋក្នុងទីក្រុងមួយនេះ ជាជនជាតិម៉ូស្លីម និង៤ភាគរយជាពួកអ្នកកាន់សាសនាគ្រឹស្ត។ ប្រជាពលរដ្ឋប៉ាឡេស្ទីនភាគច្រើនរស់នៅភាគខាងកើតនៃទីក្រុង។ បើទោះបីជាភាពចម្រុះនៃជាតិសាសន៍ ក្នុងទីក្រុងនេះក្តី ប៉ុន្តែពួកគេរស់នៅបំបែកគ្នាទៅតាមតំបន់។

៦៖ តើមានប្រទេសណាមួយដែលមានស្ថានទូតក្នុងទីក្រុង ហ្សេរុយសាឡឹមឬទេ?

គឺពិតជាមាន។ នៅមុនឆ្នាំ១៩៨០ មានប្រទេសជាច្រើនបានដាក់ស្ថានទូតក្នុងទីក្រុងនេះ ក្នុងនោះរួមមានប្រទេស ហូឡង់ និងកូស្តារីកាផងដែរ។ ប៉ុន្តែក្នុងខែកក្កដានៃឆ្នាំដដែលនោះ អ៊ីស្រាអែលបានដាក់ចេញនូវច្បាប់ថ្មី ដែលប្រកាសថា ហ្សេរុយសាឡឹមជារដ្ឋធានីតែមួយគត់របស់អ៊ីស្រាអែល។ ឆ្លើយតបបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ចេញនូវការថ្កោលទោសអ៊ីស្រាអែល ដែលបានលេបត្របាក់យកដែនដីភាគខាងកើតនៃហ្សេរុយសាឡឹម ព្រមទាំងប្រកាសថាវាជាការបំពានច្បាប់អន្តរជាតិ។

៧៖ ហេតុនេះប្រទេសទាំងនោះ ផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនចេញមែនទេ?

ជាការពិត។ ក្នុងឆ្នាំ២០០៦ ប្រទេស កូស្តារីកា និងអែលសាវ៉ាឌ័រ បានផា្លស់ស្ថានទូតរបស់ខ្លួនចេញពីទីក្រុង ហ្សេរុយសាឡឹម ហើយរួមជាមួយប្រទេសមួយចំនួនទៀត ដាក់ស្ថានទូតក្នុងទីក្រុង Tel Aviv វិញម្តង។

៨៖ ចុះចំណែកស្ថានកុងស៊ុលវិញ យ៉ាងណាដែរ?

ប្រទេសមួយចំនួន បន្តរក្សាស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុងនេះ ក្នុងនោះរួមមានសហរដ្ឋអាមេរិកជាដើម ដែលមានស្ថានកុងស៊ុល ស្ថិតនៅភាគខាងលិច នៃទីក្រុង។ ចំណែកប្រទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស និងបារាំងជាដើម មានស្ថានកុងស៊ុល នៅភាគខាងកើតនៃទីក្រុង ដែលបម្រើការងារក្នុងនាម ជាតំណាងក្នុងដែនដីប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក មិនធ្លាប់មានស្ថានទូតក្នុងទីក្រុង ហ្សេរុយសាឡឹម ឡើយ គឺមានតែក្នុងទីក្រុង Tel Aviv។

ក្នុងឆ្នាំ១៩៨៩ អ៊ីស្រាអែលបានផ្តល់ឱ្យសហរដ្ឋអាមេរិក ជួលដីនៅក្នុងទីក្រុង ហ្សេរុយសាឡឹម សម្រាប់ធ្វើស្ថានទូតថ្មី។ ការកម្ចីរយៈពេល៩៩ឆ្នាំដោយត្រូវ ចំណាយ១ដុល្លារក្នុងមួយឆ្នាំ។ យ៉ាងនេះក្តីរហូតមកទល់ពេលលនេះ ទីតាំងនោះនៅតែបន្តទំនេរដដែល។ ក្នុងឆ្នាំ២០០៥ សភាអាមេរិកបង្ខំច្បាប់ដែលទាមទារ សហរដ្ឋអាមេរិកផ្លាស់ប្តូរស្ថានទូតពីទីក្រុង Tel Aviv។

៩៖ ហេតុអ្វីបានជារហូតមកទល់ពេលនេះ ស្ថានទូតទើបតែផ្លាស់ប្តូរ?

ចាប់តាំងពីឆ្នាំ១៩៩៥មក រាល់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក មានលោក Clinton លោក Bush និងលោក Obama បានបដិសេធមិនផ្លាស់ប្តូរស្ថានទូត ដោយបារម្ភខ្លាចបញ្ហាអសន្តិសុខជាតិ។ ហេតុនេះជារៀងរាល់ប្រាំមួយខែម្តង ប្រធានាធិបតីប្រើប្រាស់លិខិតបដិសេធ ក្នុងនាមជាប្រធានាធិបតី មិនផ្លាស់ប្តូរស្ថានទូតអាមេរិកចូលដែនដីហ្សេរុយសាឡឹមឡើយ។

១០៖ តើអ៊ីស្រាអែលមានប្រតិកម្មបែបណាចំពោះបំលាស់ប្តូរថ្មីនេះ?

រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញការកោតសរសើរជាខ្លាំងទៅលើការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការផ្លាស់ប្តូរស្ថានទូតនេះ។ ជាមួយគ្នានេះដែរ ចៅហ្វាយក្រុង ហ្សេរុយសាឡឹម លោក Nir Barkat បានធ្វើយុទ្ធនាការក្នុងរយៈប៉ុន្មានថ្ងៃមុនពេលសេចក្តីប្រកាសតែងតំាងលោក Trump ជាប្រធានាធិបតី ដោយជម្រុញលោកឱ្យធ្វើតាមការសន្យារបស់ខ្លួន។

១១៖ ចុះប៉ាឡេស្ទីន មានប្រតិកម្មបែបណាដែរ?

មេដឹកនាំប៉ាឡេស្ទីន រហូតមកទល់ពេលនេះ នៅតែរក្សាជំហរបញ្ជាក់ថា ការផ្លាស់ប្តូរស្ថានទូត ជាការបំពានលើច្បាប់អន្តរជាតិ ជាការរារាំងដ៏ធំឆ្ពោះទៅរកសន្តិភាព។ លោកប្រធានាធិបតី Mahmoud Abbas បានងាកទៅរកសុំជំនួយពីបណ្តាមេដឹកនាំផ្សេងៗទៀត ក្នុងនោះដូចជា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ព្រះអង្គម្ចាស់ Abdullah ជាដើម ដើម្បីដាក់សម្ពាធទៅលើលោក Trump ដើម្បីផ្លាស់ប្តូរគំនិតរបស់លោក។

អង្គការសេរីភាពរបស់ប៉ាឡេស្ទីន បានលើកឡើងថា ខ្លួនបានពិចារណាពីការដកការទទួលស្គាល់អ៊ីស្រាអែល ព្រមទាំងលុបចោលរាល់កិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប្រសិនបើវាពិតជាមានការផ្លាស់ប្តូរស្ថានទូតពិតមែននោះ។ មិនតែប៉ុណ្ណោះឆាប់ៗនេះ នឹងកើតមាននូវរលកនៃចលនាបះបោរ ដែលអាចជាការធ្វើបាតុកម្មតាមដងផ្លូវ និងហិង្សាផងដែរ ក្នុងដែនដីប៉ាឡេស្ទីន និងទូទាំងពិភពអារ៉ាប់ទាំងមូល៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា