(ដូហា)៖ មេដឹកនាំ​ប្រទេសកាតា ដែលជាកំពូលមហាសេដ្ឋីប្រេង-ឧស្ម័នធំ​មួយដែរ នៅក្នុងតំបន់​ឈូងសមុទ្រ​អារ៉ាប់នោះ បានប្រកាស​ក្តែងៗតែ​ម្តងថា ប្រទេសនេះនឹង​ប្រឆាំង​ចំពោះ​សេចក្តីសម្រេច​របស់​សហរដ្ឋអាមេរិក ក្នុងការលើក​ស្ថានទូតពីទីក្រុង​តែលអាវីវ ទៅកាន់​ទីក្រុង​ហ្សេរុយសាឡឹមវិញ ដែលវាមាន​ន័យថា រដ្ឋបាលរបស់លោក​នឹងទទួលស្គាល់​តំបន់ក្តៅនេះ ជារដ្ឋធានី​អ៊ីស្រាអែល​ពេញសិទ្ធិ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការលើកឡើងដូចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani នៃរាជាណាចក្រកាតា បានជួបពិភាក្សាជាមួយតំណាងប៉ាឡេស្ទីន នៅទីក្រុងដូហា​កាលពីថ្ងៃពុធ ដែលអ្នកតំណាងប៉ាឡេស្ទីន បាននាំយកនូវសារសំខាន់ពី​ប្រធានាធិបតី លោក Mahmoud Abbas ស្តីពីការវិវឌ្ឍន៍ចុងក្រោយ នៅតំបន់ជាប់អ៊ីស្រាអែលមួយនេះ។ ព្រះអង្គ​ម្ចាស់ Al Thani បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកាតាសូមបង្ហាញការប្រឆាំងពេញទំហឹង ចំពោះការលើកស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម»

គួរបញ្ជាក់តាមសម្តីមន្ត្រីជាន់ខ្ពស់​អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌបញ្ចេញ​ឈ្មោះ​​បាន​ឱ្យដឹងថា នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ១៖០០នាទីរំលងអធ្រាត ថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា) លោក ត្រំា ត្រូវបាន​​គេរំពឹងថា នឹងប្រកាសទទួល​ស្គាល់ទីក្រុង Jerusalem ជារបស់​អ៊ីសា្រអ៊ែល​ តាមរយៈការផ្លាស់​​ប្ដូរស្ថានទូត​អាមេរិក​ ក្នុងទីក្រុង​តែល​អាវីវ ទៅកាន់​ទីក្រុង Jerusalem។ ប៉ុន្តែទន្ទឹមគ្នា​​បារាំង និងហ្សកដានី រួម ទាំងបណ្ដា​​ប្រទេសអារ៉ាប់​បានព្រមានថា អំពើហិង្សា និងជម្លោះអាច​នឹងផ្ទុះឡើង​ក្នុងតំបន់​មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន៕