(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងជួបទល់មុខគ្នា​ជាមួយសមភាគីចិន លោក ស៊ី ជិនពីង នៅឯទីក្រុង​ប៉េកាំង​នាសប្តាហ៍​ក្រោយនេះ ចំពេលដែលស្ថានការណ៍​សន្តិសុខ នៅតំបន់​ឧបទ្វីបកូរ៉េ នៅតែបន្តមាន​ភាពតានតឹង ហើយទើប​​កើន​កម្តៅសាជាថ្មី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ​២០១៧។

អ្នកនាំពាក្យ​លោក មូន បានឲ្យដឹងនា​ថ្ងៃនេះថា លោកប្រធានាធិបតី​ទាំងពីរ នឹង​ធ្វើការជជែក​ពិភាក្សាគ្នាអំពី ប្រធានបទ​ដ៏ក្តៅ​គគុក គឺការសំដៅលុប​បំបាត់អាវុធនុយក្លេអ៊ែរ ព្រមទាំងកត្តា​សុខសន្តិភាព នៅក្នុង​ឧបទ្វីបកូរ៉េ។ ម៉្យាងវិញទៀត វានឹង​ជា​លើក​​​ទី​​​បី​​ហើយ​ដែលលោក មូន និងលោក ស៊ី បានជួបមុខគ្នា បន្ទាប់ពីមេដឹកនាំ​ប្រទេស​ទាំងពីរ បានជួបគ្នាលើក​ចុងក្រោយ នៅឯកិច្ចប្រជុំ​កំពូល​​​មេដឹកនាំ​អាស៊ី នៅប្រទេស​វៀតណាម កាលពីខែវិច្ឆិកា​កន្លងទៅ។

ទំនាក់ទំនងរវាង​​ទីក្រុងសេអ៊ូល និងទីក្រុង​ប៉េកាំង បានទទួលរង​ការខូចខាត ដោយសារតែ​វិបត្តិជុំវិញប្រទេស​កូរ៉េខាងជើង ជា​ពិ​សេសនោះ គឺបន្ទាប់ពីការដាក់​ពង្រាយប្រព័ន្ធខែល​ការពារមីស៊ីល​អាមេរិក THAAD ដែលត្រូវបាន​ដំឡើងឲ្យធ្វើប្រតិបត្តិ​ការ​​ពេញ​លេញ​ ​កាលពីខែកញ្ញា​កន្លងទៅ នៅក្នុងប្រទេស​កូរ៉េខាងត្បូង។

គួរជម្រាបថា ដំណើរទស្សន​កិច្ចផ្លូវរដ្ឋរបស់ លោក មូន ជែអ៊ីន នឹងប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី១៣ ដល់ទី១៦ ខែធ្នូ ក្រោមការអញ្ជើញ​​របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ការបំពេញទស្សនកិច្ច​នេះផងដែរ នឹងត្រូវធ្វើ​ឡើង បន្ទាប់ពីកម្តៅនៃ​ភាពតានតឹងនៅ​ឧបទ្វីបកូរ៉េ បានកញ្រ្ចោល​ឡើងសាជាថ្មី ក្រោយការធ្វើតេស្តមីស៊ីល​ផ្លោងឆ្លងទ្វីប ដ៏មានអានុភាព របស់​កូរ៉េខាងជើង កាល​ពី​ចុងខែវិច្ឆិកា ​ព្រមទាំង​​សមយុទ្ធយោធា​ដែនអាកាស​ទ្រង់ទ្រាយធំ រវាងសម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង-អាមេរិក​ ដែលបាន​និងកំពុងប្រព្រឹត្តទៅ នៅទឹកដី​កូរ៉េ​ខាង​ត្បូង៕