(មែលប៊ន)៖ ចិនបានចោទប្រកាន់​អូស្រ្តាលីថា មានការភ័យព្រួយ​ខុសទំនង បន្ទាប់ពី​នាយករដ្ឋមន្រ្តី លោក​ Malcolm Turnbull បាន​​សន្យាថា នឹងចេញបម្រាម​ហាមឃាត់ មិនឲ្យមាន​ការធ្វើវិភាគទាន​នយោបាយ ពីសំណាក់​បរទេសឡើយ ដែលវាគឺជា​វិធាន​ការ​មួយ ដើម្បី​​ទប់​ទល់​ការបញ្រ្ជាប​ឥទ្ធិពលនានា​ពីខាងក្រៅ ចូលទៅក្នុងកិច្ចការ​នយោបាយផ្ទៃក្នុង​របស់​អូស្រ្តាលី។ នេះ​បើ​តាម​​ការចេញ​ផ្សាយ​​ដោយ​ សារ​​ព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុមអ្នក​សារព័ត៌មាន នៅឯរដ្ឋធានី​កង់បេរ៉ា នាថ្ងៃអង្គារ​សប្តាហ៍នេះ លោក ម៉ាល់ខូម ធឺនបាល (Malcolm Turnbull) បានលើក​​ឡើងថា ​​អំណាចបរទេស កំពុងតែបង្កើន​ការព្យាយាម និងប្រឹងប្រែងជាខ្លាំង ដើម្បីជះឥទ្ធិពល​របស់ពួកគេ ទៅក្នុងដំណើរការ​នយោបាយ​​នៅ​​ក្នុងអូស្រ្តាលី ព្រមទាំងពិភពលោក​ទាំងមូល ដោយរូបលោក បានផ្អែកទៅលើ​របាយការណ៍​រសើបមួយចំនួន ស្តីពីឥទ្ធិពល​របស់​ចិន។

គួរជម្រាបថា សេចក្តីប្រកាស​របស់ លោក Turnbull ត្រូវបានធ្វើឡើង ខណៈដែលក្តី​ព្រួយបារម្ភ កាន់តែកើន​ឡើងថា ទីក្រុងប៉េកាំង​ប្រហែល​​ជាកំពុងពង្រីករិទ្ធ​អំណាច​​របស់ខ្លួន យ៉ាងត្រជាក់ល្ហឹម នៅក្នុងប្រទេស​អូស្រ្តាលី ស្របពេលដែល​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​នយោ​បាយ​​អូស្រ្តាលី និងផលប្រយោជន​របស់រដ្ឋាភិបាល​ទីក្រុងប៉េកាំង កាន់តែឈាន​ទៅរកភាពរកាំរកូស​ទៅៗ៕