(វ៉ាស៊ីនតោន)៖ យោងតាម​ការសិក្សាស្រាវជ្រាវ​ថ្មីមួយ ស្ថានីយអវកាស​អន្តរជាតិ ISS ក៏បានផ្ទុកវត្តមាន​នៃ បណ្តុំបាក់តេរី​យ៉ាង​ចម្រុះ​​បែបផងដែរ ទោះបីជាស្ថិត​នៅចម្ងាយរាប់រយ​គីឡូម៉ែត្រ ពីផ្ទៃផែនដីយ៉ាង​ណាក្តី។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ សារ​ព័ត៌មាន Independent នៅរសៀល​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវ​ដដែល បានឲ្យដឹង​ទៀតថា សហគមន៍នៃក្រុមមីក្រូ​សារពាង្គកាយ ដែលរស់នៅលើ​ស្ថានីយអវកាស ISS គឺ​​ស្រដៀងនឹងពពួក​មីក្រូសារពាង្គកាយ ដែលនៅក្នុងលំនៅឋាន​របស់មនុស្ស លើភពផែនដី​យើងដែរ។ ទាំងនេះគឺជា​របករំហើញ​ថ្មី​ នៃគម្រោង​ដ៏ធំថ្មីមួយ ដែលបានធ្វើការ​វិភាគទៅលើ​បាតេរី ត្រូវបានរកឃើញ​នៅតាមទី​កន្លែង ១៥ខុសៗគ្នា នៅលើ​ស្ថានីយ ISS។

គួរជម្រាបថា វានឹងក្លាយជា​រឿងដ៏សំខា​ន់មួយ ក្នុងស្វែងយល់​ដឹងអំពី របៀបបាក់តេរីរស់​នៅក្នុងលំហអាកាស ខណៈមនុស្ស​​​ព្យា​យាម​អភិវឌ្ឍន៍យាន ដែលនឹងនាំយក​ក្រុមអវកាស​យានិក ទៅកាន់ទីកន្លែង​ដ៏សែនឆ្ងាយ ក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង។ ​វាកាន់​តែសំខាន់​ទៅទៀត ជាពិសេស ដើម្បីព្យាយាម​ និងជៀសវាង ការធ្វើឲ្យរីករាលដាល​នៃបាក់តេរីទាំង​នោះ ទៅកាន់ភព​ដទៃៗ​ទៀត​៕