(សេអ៊ូល)៖ អតីតរដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក William Perry បាននិយាយថា វាគឺជារឿងមួយ​ដ៏ប្រសើរ ដែលកូរ៉េខាងត្បូង និងជប៉ុន កសាងសមត្ថភាព​អាវុធ​នុយក្លេអ៊ែរ ខណៈ ការគំរាមកំហែង​ដោយអាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង​កាន់តែរីកធំឡើង ជាបន្ត​បន្ទាប់។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់ លោក William Perry ជាអតីតរដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ជំនាន់រដ្ឋបាល លោក ​ប៊ីល គ្លីនតុន ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ កើតមានឡើង​នៅចំពេល​ក្រុមអ្នកជំនាញ​ខ្លះ​យល់ថា ចាប់ពី​ពេលនេះតទៅ កូរ៉េខាងជើង​មានសមត្ថភាព​ បាញ់មីស៊ីលដល់ដី​គោករបស់​សហរដ្ឋអាមេរិក។ ដូច្នេះចង់ ឬមិនចង់​កូរ៉េខាងត្បូង និងជប៉ុន ត្រូវតែគិតគូរឡើងវិញ​ពីសមត្ថភាពយោធារបស់ខ្លួន ជាពិសេស​គឺអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញ​កូរ៉េខាងជើង ព្រោះបើសង្រ្គាមផ្ទុះឡើង​ សហរដ្ឋអាមេរិក​មុខជានឹងត្រូវការពារខ្លួន​ឯងជាមុនសិន មុននឹង​ការពារសម្ព័ន្ធមិត្ត​ទាំងពីរ​នេះ។

លោក William Perry បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការដែល​ឱ្យ​កូរ៉េខាងត្បូង និងជប៉ុន មានកងកម្លាំង​នុយក្លេអ៊ែរ​ឯករាជ្យ វាប្រសើរជាង​ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ​អាមេរិក នៅលើទឹកដី​របស់ពួកគេ... ម្យ៉ាងវិញទៀត បើសិនជាយើង​អាចធ្វើដូច្នោះ​បាន នោះយើង​នឹងអាចទប់ស្កាត់​កូរ៉េខាងជើង មិនឱ្យមាន​អាវុធនុយក្លេអ៊ែរ ប៉ុន្តែខ្ញុំមិន គិតឡើយថា រឿងនេះនឹងកើតឡើង​នាពេលអនាគត​ដ៏ខ្លី ហើយខ្ញុំគិតថា​ យើងគួរតែធ្វើឱ្យស្ថានភាព​បច្ចុប្បន្ន នឹងនរ​ជាមុនសិន»

គួរបញ្ជាក់ថា ការអនុញាត​ឱ្យ​កូរ៉េខាងត្បូង និងជប៉ុន មានអាវុធ​នុយក្លេអ៊ែរ​ គឺជារឿងមួយ​ពិបាកបំផុត ព្រោះចិនមុខ​ជាចេញមុខ​ជំទាស់ ដោយសារទីក្រុងប៉េកាំង ខ្លាចក្រែង​កោះតៃវ៉ាន់​ចង់បាន​អាវុធនុយក្លេអ៊ែរដែរ។ ជាងនេះទៅទៀត ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល​ខ្លួនឯង ក៏តែងតែ​និយាយជារឿយៗ​ដែរ ពីការប្ដេជ្ញាចិត្តលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ ប៉ុន្តែ រឿងបែបនេះ​អាចនឹងកើតឡើង​ក៏ថាបាន បើសិនជាប្រទេសទាំងពីរយល់ថា ខ្លួនមិនអាច​ពឹងផ្អែកលើ​សហរដ្ឋអាមេរិក៕