(ម៉ានីល)៖ គ្រោះរញ្ជួយមួយ​កម្រិត ៤.៩រ៉ិចទ័រ នៅមុននេះ​បន្តិច បានអង្រួន​ភាគកណ្តាល​ប្រទេស​ហ្វីលីពីន ក៏ប៉ុន្តែហេតុការណ៍​នេះ​​ទំនងជាមិន​បង្កការ​បំផ្លិចបំផ្លាញ ឬក៏បណ្តាល​ឲ្យមានមនុស្ស​រងគ្រោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

វិទ្យាស្ថានសិក្សា​បាតុភូតភ្នំភ្លើង និងរញ្ជួយដី Phivolcs របស់​ហ្វីលីពីន​បានឲ្យ​ដឹងថា ចំណុចរំញ័រ​នៃគ្រោះរញ្ជួយ​ផែនដី​ខាងលើ​ ស្ថិតនៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគនិរតីក្រុង Salcedo ក្នុងខេត្ត Samar ខាងជើង នៃតំបន់ភាគ​កណ្តាលប្រទេស​ហ្វីលីពីន កាលពី​វេលាម៉ោង​ប្រហែល ១០៖៤៨នាទីព្រឹកថ្ងៃពុធនេះ ជាមួយជម្រៅ ០៥គីឡូម៉ែត្រ។ វិទ្យាស្ថាន Phivolcs បានបញ្ជាក់ថា ខ្លួនពុំទទួល​​បានសេចក្តីរាយការណ៍​ណាមួយ ស្តីពីការខូចខាត និងជនរងគ្រោះ​ ដោយសារ​គ្រោះរញ្ជួយដី​នេះឡើយ។

គួរជម្រាបថា ហ្វីលីពីន​ស្ថិតនៅលើតំបន់​មាន​ឈ្មោះថា Pacific Ring of Fire ឬខ្សែ​ក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ងាយទទួល​រងសកម្មភាព​បន្ទុះភ្នំភ្លើង និងគ្រោះ​រញ្ជួយដី។ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៧នេះវិញ មនុស្សច្រើន​ជាង ១០០នាក់ បាន​ស្លាប់ ឬក៏របួស​នៅពេលដែល​គ្រោះរញ្ជួយដី​​កម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារ​ក្រុង Surigao ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន៕