(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភា​អាមេរិកនៅ​ទីបំផុត បានអនុម័ត​ទទួលស្គាល់ អនុប្រធានខុទ្ទកាល័យ​សេតវិមាន លោកស្រី Kristjen Nielsen ​ជារដ្ឋមន្រ្តី​ក្រសួងសន្តិសុខជាតិ​ថ្មីហើយ បន្ទាប់ពី​អតីតថ្នាក់ដឹកនាំ​ស្ថាប័ននេះ គឺលោក John Kelly ត្រូវបានផ្លាស់ប្តូរ​ឲ្យ​ទៅ​កាន់​​តួនាទី​​​ នៅសេតវិមានកាលពី​ប៉ុន្មានខែមុន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹក​​ថ្ងៃ​ពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ព្រឹទ្ធសភា​អាមេរិក បានឯកភាពចំពោះ​ការតែងតាំង​លោកស្រី Nielsen ក្នុងសំឡេង ៦២ ទល់នឹង ៣៧សំឡេង។ ការទទួល​ស្គាល់​រូបលោក​ស្រីនេះ​ទៀតសោត ត្រូវបានធ្វើ​ឡើង គាប់ជួននៅពេលដែលក្រសួងសន្តិសុខជាតិ​អាមេរិក ទទួលបានជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ជា​ជាបន្តបន្ទាប់ ក្នុងការកាត់បន្ថយ​លំហូរចូល​ នៃជនអន្តោប្រវេសន៍​ខុសច្បាប់ នៅព្រំដែន​ភាគខាងត្បូង​ប្រទេស ព្រមទាំង​ការចាប់​​ខ្លួន​ ក៏ដូចជា​ការ​បណ្តេញឧក្រិដ្ឋជន​បរទេស។

គួរជម្រាបថា លោកស្រី Kristjen គឺជាមេធាវីនិង​ជាបុគ្គលជើង​ចាស់ នៃវិស័យ​សន្តិសុខជាតិ ហើយមានទំនាក់ទំនង​ជិតស្និទ្ធ​ នឹង​​ប្រធានខុទ្ទកាល័យ​សេតវិមាន Johh Kelly ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​ទីមួយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ មុនពេល​ដែលរូបលោក ត្រូវបានផ្លាស់ប្តូរ​ឲ្យទៅគ្រប់គ្រង​ ត្រួតត្រាការិយាល័យដ៏ចលាចល របស់លោក ត្រាំ កាលពីចុង​ខែ​កក្កដា​​​កន្លងទៅ៕