(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក​មួយចំនួន​បានព្រមាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា ការសម្រេចចិត្ត​ផ្លាស់ប្ដូរស្ថានទូត​អាមេរិក ក្នុងប្រទេស​អ៊ីស្រាអែល​ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម (Jerusalem) អាចនឹងបង្កទៅជា​ជម្លោះក្នុងតំបន់​មជ្ឈិមបូព៌ា ហើយវាក៏នឹង​រំលោភបំពានផងដែរ​ លើគោលនយោបាយ​អាមេរិក​ចំពោះ អ៊ីស្រាអែល និងប៉ាឡេស្ទីន អស់​រយៈពេលរាប់​ទសវត្សរ៍​មកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការព្រមាន​បែបនេះកើត​មានឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំ​អ៊ីស្រាអែល និងពិភពអារ៉ាប់​កាលពីថ្ងៃអង្គារថា លោកមាន​បំណង​ផ្លាស់ប្ដូរ ស្ថានទូតអាមេរិក​ក្នុងប្រទេស​អ៊ីស្រាអែល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម ហើយដែលនេះ​គឺជាការសម្រេចិត្ត​មួយ ក្នុងការទទួល​ស្គាល់ថា ទីក្រុងមួយនេះ​គឺជារបស់​អ៊ីសា្រអែល​ផ្ដាច់មុខ។ តែទោះជា​យ៉ាងណា ក្រុមមន្ត្រី​ក៏បានបញ្ជាក់​ដែរថា លោក ត្រំា នឹងមិនផ្លាស់ប្ដូរ​ស្ថានទូតអាមេរិក​ពីទីក្រុង​តែលអាវីល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម ក្នុងពេលឆាប់ៗ​នេះទេ ពោលគឺ​ទំនងជាអាចនឹងត្រូវ​ធ្វើឡើង នៅរយៈពេល ០៦ខែទៀត។

គួរបញ្ជាក់ថា បើតាមមន្ត្រី​ជាន់ខ្ពស់អាមេរិក​ម្នាក់ក្នុងលក្ខខណ្ឌ​បញ្ចេញឈ្មោះ នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោក ត្រំា ត្រូវបានគេ​រំពឹងថា នឹងទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារបស់​អ៊ីស្រាអែល។ ចំណែកឯ​បារាំង និងហ្សកដានី រួមទាំង​ប៉ាឡេស្ទីន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត​ទាំងបណ្ដាប្រទេស​អារ៉ាប់ បានព្រមានថា អំពើហិង្សា និងជម្លោះអាច​នឹងផ្ទុះឡើង​ក្នុងតំបន់​មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន៕