(ឡុងដ៍)៖ បុរសពីរនាក់នឹង​ត្រូវបង្ហាញខ្លួន ​នៅចំពោះមុខតុលាការ​ទីក្រុងឡុងដ៍ នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលា​នៅអង់គ្លេស) បន្ទាប់ពីបានទទួល​រងការចោទ​ជាបទ បានរៀបចំផែនការ​ភេរវកម្មខ្មៅ​ងងឹតមួយ ដើម្បីធ្វើឃាត​នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី Theresa May។ នេះបើតាម​សេចក្តីរាយការណ៍​​របស់​ បណ្តាញសារព័ត៌មានបរទេសធំៗ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសទីក្រុងឡុងដ៍ បានចេញមុខបញ្ជាក់ទទួលស្គាល់ពី ការចាប់ខ្លួនជនទាំង០២រូបខាងលើ តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវ​ការ​មួយ ដោយមិនបានបញ្ជាក់ពីមុខសញ្ញាជនរងគ្រោះ នៃគម្រោងធ្វើឃាត ដែលត្រូវបានបកអាក្រាតរកឃើញ ដោយកម្លាំង​ប៉ូលិស​​ប្រឆាំងភេរវកម្ម​ឡើយ។ អាជ្ញាធរអង់គ្លេស​បានឲ្យដឹងថា បុរសត្រូវចោទ​ទាំង០២ មានឈ្មោះ ហ្សាករីយ៉ាហ៍ រ៉ាហ៍ម៉ាន់ (Naa'imur Zakariyah Rahman) អាយុ​ ២០ឆ្នាំ មកពីភាគខាងជើង​ទីក្រុងឡុងដ៍ និងឈ្មោះ ម៉ូហំាម៉េដ អាគីប អ៊ីមរ៉ាន (Mohammed Aqib Imran) អាយុ ២១ឆ្នាំ មកពីភាគអាគ្នេយ៍ក្រុង ប៊ឺមីងហាម (Birmingham)។

គួរជម្រាបថា ទោះជាបែប​នេះក្តី​ប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេស​របស់ចក្រភពអង់គ្លេស​ផ្ទាល់ បានធ្វើ​សេចក្តីរាយការណ៍​ថា ​បុរសទាំង ០២នាក់ ត្រូវបាន​ចាប់ខ្លួនក្រោមការសង្ស័យថា បានរៀបចំ​ផែនការ ដើម្បីធ្វើឃាត​លោកស្រីនាយករដ្ឋមន្រ្តី​អង់គ្លេស តាមរយៈការ​ប្រើប្រាស់​គ្រាប់បែក ដែលលាក់​ក្នុងកាបូប ដើម្បីបំផ្ទុះ​ខ្លោងទ្វារ​វិមាន Downing Street ហើយប្រើកាំបិត​វាយប្រហារ​ទៅលើ​ លោកស្រី May៕