(ញូដេលី)៖ មហាយក្សទី​០២នៃទ្វីបអាស៊ី បានធ្វើការបាញ់សាកល្បង​គ្រាប់មីស៊ីលល្បឿនលឿន Akash របស់ខ្លួន ដែលជា​ប្រភេទ​​​ពី​​ផ្ទៃ​ដី​ទៅ​កាន់​ផ្ទៃកាស​ដោយ​ជោគជ័យ ចេញពីបន្ទាយទ័ព​មួយ​កន្លែង នៅរដ្ឋ Odisha ភាគខាងកើត​ប្រទេស។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ក្រសួងការបរទេស​ឥណ្ឌា​បានឲ្យដឹងថា មីស៊ីលខាងលើ​ត្រូវបានបាញ់ចេញ​ពី​មូលដ្ឋាន Integrated Test Range ក្នុង​តំបន់ Chandipur នៃស្រុក Balasore របស់ Odisha នាថ្ងៃអង្គារ​សប្តាហ៍ ហើយបានឆ្លាត់​កាត់ការធ្វើតេស្ត​ដោយ​ជោគជ័យ។ មីស៊ីល​​រយៈ​ចម្ងាយ​ខ្លី Akash នេះ​កំពុង​ត្រូវ​រៀប​ចំ​​ដាក់បញ្ចូល​ ទៅក្នុងជួរ​កងទ័ព​ឥណ្ឌា។

គួរជម្រាបថា មីស៊ីល Akash ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន​អភិវឌ្ឍន៍ និងស្រាវជ្រាវ​វិស័យ​ការពារជាតិ របស់រដ្ឋាភិបាល​​​ឥណ្ឌាផ្ទាល់ និងមានទម្ងន់ ៧០គីឡូក្រាម ព្រមទាំង​រយៈចម្ងាយ ២៧គីឡូម៉ែត្រ ហើយអាចផ្ទុក​ក្បាលគ្រាប់ទម្ងន់ ៦០គីឡូក្រាមមួយ​នៅក្នុង​ល្បឿន Mach 2.5 ស្មើនឹង ៣,០៨៧គីឡូម៉ែត្រក្នុង​មួយម៉ោង។

ម៉្យាងវិញទៀត មីស៊ីលខាង​លើនេះ មានសមត្ថភាពវាយប្រហារ​ទៅលើយន្តហោះ​ ដែលជាគោលដៅ​ស្ថិតនៅចម្ងាយ ៣០គីឡូ​ម៉ែត្រ​ពីខ្លួនវាបាន ហើយក៏អាច​កម្ទេចគោលដៅ​លើផ្ទៃអាកាស រួមមានដូចជា យន្តហោះចម្បាំង មីស៊ីល​ប្រដេញ ឬគ្រាប់មីស៊ីល​​​ប្រភេទបាញ់​ចេញពីផ្ទៃអាកាស ទៅកាន់ផ្ទៃដី​មួយចំនួនទៀត​ផងដែរ៕