(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំ​អ៊ីស្រាអែល និងពិភពអារ៉ាប់ថា លោកមានបំណង​ផ្លាស់ប្ដូរស្ថានទូត​អាមេរិក ក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម (Jerusalem) ហើយដែលនេះគឺជាការសម្រេចិត្ត​មួយក្នុងការ​ទទួលស្គាល់ថា ទីក្រុងមួយនេះគឺជា​របស់អ៊ីសា្រអែល​ផ្ដាច់ ខណៈគេរំពឹងថា អំពើហិង្សា​និងភាពតានតឹង​ អាចផ្ទុះឡើងនៅក្នុង​តំបន់​មជ្ឈិមបូព៌ា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

Reu​ters ផ្អែកលើ​មន្ត្រីជាន់ខ្ពស់​អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌបញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹងថា នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោក ត្រំា ត្រូវបាន​គេរំពឹងថា នឹងទទួល ស្គាល់ទីក្រុង Jerusalem គឺជារបស់​អ៊ីសា្រអ៊ែល​ តាមរយៈការផ្លាស់​ប្ដូរស្ថានទូត​អាមេរិក​ ក្នុងទីក្រុង​តែល​អាវីវ ទៅកាន់ទីក្រុង Jerusalem។ ប៉ុន្តែទន្ទឹមគ្នា​បារាំង និងហ្សកដានី រួម ទាំងបណ្ដា​ប្រទេសអារ៉ាប់​បានព្រមានថា អំពើហិង្សា និងជម្លោះអាច​នឹងផ្ទុះឡើង​ក្នុងតំបន់​មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន។

គួរបញ្ជាក់ថា បើតាមមន្ត្រី​អាមេរិក​ដដែល លោក ដូណាល់ ត្រាំ បានប្រាប់​ពីបំណងផ្លាស់ប្ដូរ​ស្ថានទូតអាមេរិក​នេះ ទៅកាន់មេដឹកនាំ​ប៉ាឡេស្ទីន ព្រះមហាក្សត្រ​ហ្សកដានី អេហ្ស៊ីប និង ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត៕