(អូទ្រីស)៖ នៅទីបំផុតប្រទេសអូទ្រីស នៅថ្ងៃអង្គារនេះ បានផ្ដល់ភាពស្របច្បាប់លើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាហើយ ដោយតុលាការធម្មនុញ្ញនៃប្រទេសមួយនេះ បានសម្រេចចិត្តអនុញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយនឹងគ្នាយ៉ាងយូរនៅឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។

តាមការពិតអ្នកស្រឡាញ់ភេទដូចគ្នានៅអូទ្រីសត្រូវបានអនុញាតឱ្យមានទំនាក់ទំនងឯកជនតាំងតែពីឆ្នាំ២០១០ មកម្លេះ ប៉ុន្តែចាប់ពីពេលនេះតទៅពួកគេនឹងមានសិទ្ធិរៀបការនឹងគ្នា ដោយស្របច្បាប់។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះនឹងនាំប្រទេសអូទ្រីស ដើរស្របគ្នាជាមួយបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងនោះរួមមានទាំង បារាំង អាល្លឺម៉ង់ អង់គ្លេស និងអេស្ប៉ាញដែលសុទ្ធសឹងជាប្រទេសអនុញាតលើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា.

គួរបញ្ជាក់ថា តាមរយៈការសម្រេចចិត្តខាងលើ អូទ្រីសបានក្លាយជាប្រទេសអឺរ៉ុបទី១៦ ដែលបានទទួលស្គាល់ថាអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបការជាមួយនឹងគ្នា៕