(ម៉ូស្គូ)៖ អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធផ្សព្វ​ផ្សាយរបស់​សហរដ្ឋអាមេរិក និងអឺរ៉ុបចំនួន ០៩ ដែលជាប់ឈ្មោះ​នៅក្នុងបញ្ជីខ្មៅ «ទីភ្នាក់ងារបរទេស» ដោយសារតែ​បានប្រព្រឹត្តល្មើសច្បាប់ យោងតាម​មាត្រា ៦ មានចែងនៅក្នុង​ច្បាស់ស្តី​ពីវិស័យ​សារព័ត៌មាន របស់សហព័ន្ធរុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាល្ងាច​ថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមហ៊ុន និងអង្គភាព ដែលបម្រើការ​លើប្រព័ន្ធផ្សាយទាំង ០៩ មានចែងក្នុងបញ្ជីខ្មៅនោះ​រួមមាន៖

១៖ សារព័ត៌មានសំឡេង​​សហរដ្ឋ​អាមេរិក (VOA)
២៖ វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេសរុស្ស៊ី
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (បណ្តាញវិទ្យុ RFE/RL)
៩៖ គំរោងផ្សព្វផ្សាយ IdelRealii project (បណ្តាញវិទ្យុ RFE/RL)

ប្រការខាងលើនេះ​ត្រូវ​បានរដ្ឋាភិបាល​​​​ទីក្រុងម៉ូស្គូ​អះអាងថា ជាការឆ្លើយតបវិញ​យ៉ាងសាកសម ទៅនឹងទង្វើ​របស់ទីក្រុង​វ៉ាស៊ីនតោន ដែលខ្លួនមិន​អាចទទួល​យកបាន នោះគឺការដាក់​​សម្ពាធលើ​សារព័ត៌មាន​រុស្ស៊ី Russia Today America (RT) ប្រចាំនៅ​សហរដ្ឋអាមេរិក។

សម្រាប់បញ្ជីនៃ «ទីភ្នាក់ងារបរទេស» នេះគឺប្រៀបដីដូចជា បញ្ជីខ្មៅមួយ សម្រាប់ដាក់អង្គភាព​ព័ត៌មានណាមួយ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាស់ប្រទេសរុស្ស៊ី ហើយអង្គភាព​ដែលមានជាប់​ឈ្មោះក្នុងនេះ គឺមិនត្រូវបានអនុញ្ញាត​ឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់​ថ្នាក់ របស់​​ប្រទេសរុស្ស៊ី​នោះឡើយ។
ដោយឡែកសារព័ត៌មាន ដែលមិនជាប់ឈ្មោះ​នៅក្នុងបញ្ជីខាងលើនេះ គឺអាចប្រតិបត្តិការ​ទៅតាមទម្លាប់​ជាធម្មតា។

គួរបញ្ជាក់ថា ភាគច្រើននៃអង្គភាព​​ដែលបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅ គឺជាក្រុមហ៊ុន និងសារព័ត៌មាន​របស់អាមេរិក ដែលធ្វើប្រតិបត្តិការ​ក្នុងប្រទេសរុស្ស៊ី និងផ្សព្វផ្សាយ​ព័ត៌មាន​ជាភាសារុស្ស៊ី។ អ្វីដែលគួរ​ឲ្យចាប់​អារម្មណ៍បន្ថែមទៀតនោះ គឺបណ្តាញព័ត៌មាន CNN និងសារព័ត៌មាន​របស់អាមេរិកមួយចំនួន ដែលត្រូវបានគេដឹងថា មានទំនោរិះគន់​រដ្ឋបាល លោក ដូណាល់ ត្រាំ គឺមិនមាន​ជាប់​ឈ្មោះក្នុងបញ្ជីខ្មៅ​រុស្ស៊ីនោះឡើយ៕