(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់​ជាសាធារណៈថា សហរដ្ឋអាមេរិក​បាន​និងកំពុងព្យាយាម​ដាក់ទណ្ឌកម្ម និងបំបែកបំបាក់​សង្គមតួកគី ដោយសារតែ​រដ្ឋាភិបាលរបស់​លោក មិនព្រមធ្វើ​តាមអ្វីដែល​ទីក្រុងវ៉ាស៊ីនតោន​ចង់បាន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ​ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

លោក Erdogan ថ្លែងបែបនេះ​ នៅក្នុងសុន្ទរកថាមួយ​ចេញផ្សាយ​ដោយ សា្ថនីយទរទស្សន៍ NTV របស់តួកគី​កាលពី​ថ្ងៃអាទិត្យ នៅក្នុងបរិបទដែល​ទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​អង់ការ៉ា កំពុងមានភាពតាន​តឹងនឹងគ្នាដដែល ចាប់តាំងពី​មានរដ្ឋប្រហារ​មិនបានសម្រេច កាលពី​ឆ្នាំ២០១៦ ក្នុងប្រទេស​តួកគី។ លោក Erdogan បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បាននិងកំពុង​ព្យាយាមដាក់​ទណ្ឌកម្ម ថ្កោលទោស និងបំបែកបំបាក់​ពួកយើង ដោយសារតែ​ពួកយើង​ មិនព្រមធ្វើតាម​សេណារីយ៉ូ​របស់ពួកគេ ដែលជាការពិត​កំពុងត្រូវបាន​មនុស្ស​មួយចំនួន នៅក្នុងប្រទេស​របស់យើង​ដើរតាម»

គួរបញ្ជាក់ថា លោក Erdogan ក៏បានចោទប្រកាន់​ផងដែរថា សហរដ្ឋអាមេរិក​កំពុងគំាទ្រ​គណបក្សពលករ​ឃើដ PKK ដែលត្រូវបាន​ចាត់ទុកថា ជាអង្គការភេរវកម្ម​នៅក្នុង​ប្រទេស​តួកគី ខណៈករណី​បទឧក្រិដ្ឋប្រឆាំង​នឹង ពលរដ្ឋតួកគី​នៅ​សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃ​សេណារីយ៉ូបំបែកបំបាក់​សង្គមតួកគី។

រំលឹកទៅមើល​ព្រឹត្តិការណ៍ក្រោយការផ្ទុះ​រដ្ឋប្រហារនៅតួកគី កាលពី​ខែកក្កដា ឆ្នាំ២០១៦ វាត្រូវបានបណ្តាប្រទេសលោកខាងលិចចាត់ទុកថា គ្រាន់តែជាល្ខោនរបស់ លោក អឺដូហ្គាន់ ដើម្បីបន្តចាក់ឬស​ឲ្យកាន់តែជ្រៅ ទៅក្នុងការគ្រប់គ្រង​អំណាចនៅតួកគី​ប៉ុណ្ណោះ ហើយចាប់ពី​ពេលនោះ​មក ទំនាក់ទំនង​រវាងតួកគី និងអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក បានលេចចេញនូវស្នាមប្រេះស្រាំ​ដ៏ធំតែម្តង និងមិនងាយក្នុងការស្តារឡើងវិញនោះឡើយ៕