(អ៊ីតាលី)៖ មជ្ឈមណ្ឌលឃ្លាំមើល​គ្រោះរញ្ជួយដីអឺរ៉ុប នៅថ្ងៃចន្ទនេះ​បានឱ្យដឹងថា គ្រោះរញ្ជួយដី​កំរិតមធ្យម ៤.១រ៉ិចទ័រ បានវាយប្រហារលើភាគកណ្ដាល​ប្រទេសអ៊ីតាលី ស្ថិតនៅចំងាយ ១០៤គីឡូម៉ែត្រ ពីភាគឦសាន​ទីក្រុងរ៉ូម ដែលជាការក្រើន​រំលឹកថ្មីមួយ នាំឲ្យគេនឹកដល់គ្រោះមហន្តរាយធ្ងន់ធ្ងរ កាលពីអតីតកាល ទោះបីជាពេលនេះវាស្ថិតនៅក្នុង​កម្រិត​មធ្យមក៏ដោយចុះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមមជ្ឈមណ្ឌល​ឃ្លាំមើល​គ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ចួដីនេះ​បានកើតឡើង​នៅម៉ោង ២៣៖៣៤នាទី កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ​សូន្យគីឡូម៉ែត្រ​ទៅក្នុង​ដី ដោយមិនបានបង្ក​ឱ្យមានពីជន​រងគ្រោះ ឬការខូចខាតនោះទេ។ ប៉ុន្តែទន្ទឹមគ្នា គ្រោះរញ្ជួយ​ដីកំរិត ៤.១រ៉ិចទ័រដូចគ្នានេះ ក៏ធ្លាប់បានវាយប្រហារ​លើតំបន់ Ischia នៃឆ្នេរ Naples កាលពីប៉ុន្មាន​ខែមុនផងដែរ ដោយសម្លាប់មនុស្ស ២០នាក់ និងរបួស៤០នាក់ ព្រមទាំងខូចខាត​អគារជាច្រើន​ខ្នង។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីវាយប្រហារ​លើតំបន់ Apennines, Amatrice និងតំបន់ Accumoli​ នៃប្រទេសអ៊ីតាលី​កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានផ្ដាច់យក​អាយុជីវិត មនុស្ស ២៩៩នាក់៕