(ហ្សកដានី)៖ រដ្ឋមន្ត្រីការបរទេស​ហ្សកដានី លោក Ayman Safadi បានក្រើនរំលឹក​សហរដ្ឋអាមេរិក​ ពីលទ្ធផលដ៏គ្រោះថ្នាក់មួយ​នឹងផ្ទុះឡើង​ បើសិនជា​ទីក្រុងវ៉ាស៊ីនតោន​ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម លោក Ayman Safadi ការទទួល​ស្គាល់ Jerusalem ជារដ្ឋធានី​របស់អ៊ីស្រាអែល អាចនឹងធ្វើឱ្យ​បណ្ដា​ប្រទេសអារ៉ាប់ និងអ្នកកាន់សាសនាអ៊ីស្លាម​លើ​ពិភពលោក​ ផ្ទុះកំហឹង។ លោក Safadi បានបញ្ជាក់នៅលើ Twitter​ ដូច្នេះថា «ខ្ញុំបានប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ពីផលវិបាក​ដ៏គ្រោះថ្នាក់ នៃការទទួលស្គាល់ Jerusalem ជារដ្ឋធានី​របស់​អ៊ីស្រាអែល... ព្រោះថា​ការសម្រេចចិត្ត​បែបនេះ នឹងធ្វើឱ្យបណ្ដាប្រទេស​អារ៉ាប់ និងអ្នកកាន់​សាសនាអ៊ីស្លាម​លើពិភពលោក ផ្ទុះកំហឹង ហើយដែល​នេះអាចនឹងបង្ក​ជាភាពតានតឹង ឬជម្លោះ ព្រមទាំងបង្ក​ជាឧបសគ្គ​ដល់កិច្ចខិតខំស្វែងរក​សន្តិភាព»

គួរបញ្ជាក់ថា ការលើកឡើង​របស់ លោក Ayman Safadi កើតមានក្រោយ​លេចលឺពាក្យច​ចាមអារ៉ាម​ជាច្រើនថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាស​ផ្លាស់ប្ដូរ​ស្ថានទូតអាមេរិក ប្រចាំទីក្រុង​តែលអាវីល ទៅកាន់​ទីក្រុង Jerusalem ក្នុងពេលឆាប់ៗ​នេះ។ ប៉ុន្តែកូនប្រសារ​ប្រុស លោក ត្រាំ គឺលោក Jared Kushner បានឱ្យដឹងថា សេតវិមានពុំទាន់​មានការ​សម្រេចចិត្តណាមួយ​ឡើយ ទាក់ទិននឹង​ការផ្លាស់ប្ដូរស្ថានទូត​នេះ រីឯក្រសួងការបរទេសអាមេរិក​ ក៏មិនទាន់ធ្វើការ​អត្ថាធិប្បាយ​អ្វីដែរ៕