(សេអ៊ូល)៖ ភាពតានតឹង​នៅឧបទ្វីបកូរ៉េ បានកើនដល់ដំណាក់​កាលក្តៅមួយ​ផ្សេងទៀត កាលពីចុង​សប្តាហ៍មុននេះ ជាមួយការមក​​ដល់នូវយន្តហោះ​ចម្បាំងបំបាំងកាយធុន F-22 របស់អាមេរិក នៅទឹកដី​កូរ៉េខាងត្បូង ដើម្បីចូលរួម​សមយុទ្ធរួមរបស់​សម្ព័ន្ធមិត្ត​​ទាំង​ពីរ ដែលត្រូវបាន​គេមើល​ឃើញថា ជាការតំឡើង​សាច់ដុំ​ដាក់កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​កុម្មុយនិស្ត​មួយនេះ បានបាញ់តេស្ត​មីស៊ីលផ្លោង​សាជាថ្មី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

ការចល័ត​យន្តហោះ​ចម្បាំង​ដ៏ទំនើប មកកាន់តំបន់​ឧបទ្វីប​បែបនេះ ត្រូវបានធ្វើ​ឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​របបដឹកនាំ​​ទីក្រុង​ព្យុងយ៉ាង បានសាកល្បង​មីស៊ីលផ្លោង​ឆ្លងទ្វីប​ជំនាន់ថ្មី Hwasong-15 ដែលត្រូវគេរាយការណ៍​ថា មានសមត្ថភាព​រត់​បាន​ចម្ងាយ​ជាង ១២,៨០០​គីឡូម៉ែត្រ និងអាច​វាយប្រហារដល់​រដ្ឋធានីវ៉ាស៊ីនតោន ​របស់អាមេរិក​បាន​យ៉ាងងាយ។ ក្រុមអ្នកជំនាញ​​ផ្នែក​យោធា​បានលើក​ឡើងថា ឱកាសនៃសង្រ្គាម​នឹងផ្ទុះឡើងនោះ កំពុងស្ថិតក្នុង​កម្រិតខ្ពស់ ខណៈដែលភាគី​ទាំងសងខាងអាមេរិក​ និងកូរ៉េខាងជើង កំពុងតែជះសាំង​បន្ថែមទៅ​លើភ្លើង។

យន្តហោះចម្បាំង​លំដាប់​កំពូលរបស់អាមេរិក​ធុន F-22 និង F-35 ត្រូវគេជឿជាក់​ថា គឺជា​ ​ការគំរាមកំហែង​ដ៏ធំបំផុតមួយ​​ ចំពោះ​ទីក្រុងព្យុងយ៉ាង។ បើតាមការ​អះអាងរបស់​ក្រុមអ្នកវិភាគ ស្របពេលដែល​យោធាកូរ៉េខាងជើង មានសព្វាវុធ​ប្រឆាំងដែន​អាកាស​​គួ ​ឲ្យកត់សម្គាល់​ក៏ដោយនោះ ប្រព័ន្ធរ៉ាដា​របស់ពួកគេ នៅតែមិនអាច​ចាប់សញ្ញ​របស់ យន្តហោះចម្បាំង​បំបាំងកាយ​ទាំងនេះបាន​ មុនពេលមាន​ការវាយប្រហារ​ ទៅលើប្រព័ន្ធខែល​ការពារ​របស់ពួកគេនោះ​ឡើយ។

គួរជម្រាបថា សហរដ្ឋអាមេរិក​កំពុងបញ្ជូនសព្វាវុធ​ទំនើបៗ​របស់ខ្លួន ដើម្បីឲ្យមក​ចូលរួមការធ្វើ​សមយុទ្ធផ្លូវ​អាកាស​អាមេរិក-កូ​រ៉េ​ខាងត្បូង​ប្រចាំឆ្នាំ។ ល្បែង​សង្រ្គាមនោះ ដែលធ្វើឡើងក្នុងគោល​បំណងបង្កើត​សមត្ថភាព​ប្រយុទ្ធ​ នៃសម្ព័ន្ធមិត្ត​ទាំង០២ នឹង​ប្រ​ព្រឹ​ត្ត​ទៅចាប់ពីថ្ងៃ​ទី០៤ ដល់ទី០៨ ខែធ្នូ នៅចំពោះមុខ​ការព្រមានធ្ងន់ៗ​ពីកូរ៉េខាងជើងថា សកម្មភាពបង្ក​ហេតុនានា អាចឈាន​ទៅ​​រកការបំផ្ទុះសង្រ្គាម​នុយក្លេអ៊ែរ​បាន នៅគ្រប់ពេលវេលា៕