(គុយវ៉ែត)៖ គុយវ៉ែត និងសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សា​គ្នា​អំពី ការជំរុញ​បង្កើនកិច្ចសហប្រតិបត្តិការ​យោធា ​រវាងប្រទេស​ទាំង​ពីរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​​ចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

បើតាម​សេចក្តីថ្លែងការណ៍​របស់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​នៃក្រសួងការពារជាតិ​គុយវ៉ែត លោក Khalid Al-Hamad Al-Sabah នា​ថ្ងៃ​អាទិត្យ​ ក្រោយពីបាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក James Mattis ​ដែល​បាន​មក​​បំពេញទស្សនកិច្ច​​ប្រទេសគុយវ៉ែត។ ក្រៅពីនេះ​​ភាគទាំងពីរ ក៏បានជជែកគ្នាអំពី​បញ្ហាពាក់ព័ន្ធ​ផលប្រយោជន៍ នៃប្រទេសទាំងពីរ​​ផងដែរ​។

គួរជម្រាបថា លោក James Mattis បានមកដល់គុយវ៉ែត​នាថ្ងៃអាទិត្យ​ម្សិលមិញ ក្រោមក្របខណ្ឌ​ នៃដំណើរបំពេញ​ទស្សន​កិច្ច​រយៈពេល​ ០៥ថ្ងៃ ​របស់លោកមកកាន់តំបន់​មជ្ឈិមបូព៌ា។ បច្ចុប្បន្នប្រទេសមជ្ឈិមបូព៌ា នៅតែគោលដៅយុទ្ធសាស្ត្រ​ចម្បងរបស់​អាមេរិក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទប់ទល់អំពើ​ភេរវកម្ម ខណៈ​ដែលតំបន់សេដ្ឋីប្រេងលើលោកនេះ ក៏ប៊ិះនឹងជួបប្រទះការបែកបាក់ធ្ងន់ធ្ងរទៅហើយ ពាក់ព័ន្ធនឹងបញ្ហាកាតា កាលពីប៉ុន្មានខែមុន៕