(អាំមែន)៖ សហរដ្ឋអាមេរិក​បានចុះហត្ថលេខា ផ្តល់ជំនួយអភិវឌ្ឍន៍​សេដ្ឋកិច្ច ដល់ប្រទេស​ជាសម្ព័ន្ធមិត្តរបស់ខ្លួន​នៅមជ្ឈិមបូព៌ា គឺរាជាណាចក្រហ្សក​ដានី ដែលសរុបជា​ទឹកប្រាក់​ចំនួន ៤៧៥លានដុល្លារ​អាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

សម្រាប់ទឹកប្រាក់​ខាងលើនេះ គឺជាផ្នែកមួយ នៃគំរោងទឹកប្រាក់​ជំនួយសរុបប្រចាំឆ្នាំ ដែល​សហរដ្ឋអាមេរិក តែងតែផ្តល់ឲ្យសម្ព័ន្ធមិត្ត​ខ្លួនមួយនេះ ចំនួន ៨២១.៣លានដុល្លារ ដែលត្រូវបាន​ចុះហត្ថលេខា រវាងរដ្ឋមន្ត្រី​ក្រសួងផែនការ និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហ្សកដានី លោក Imad Fakhoury និង លោក Jim Barnhart នាយកទីភ្នាក់ងារ​​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (UNSAID)។ សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយ​សេដ្ឋកិច្ច​ដល់ប្រទេសហ្សកដានី គិតមកទល់ពេលនេះគឺជាង ៦០ឆ្នាំមកហើយ។

គួរបញ្ជាក់​ផងដែរថា សហរដ្ឋអាមេរិក​បានក្លាយជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ច​របស់ហ្សកដានី ជាយូរលង់ណាស់​មកហើយ ជាពិសេសគឺ​ការរក្សាស្ថិរភាព​សេដ្ឋកិច្ច និងអភិបាល​កិច្ចល្អ នៅក្នុងប្រទេស​មជ្ឈិមបូព៌ាមួយនេះ។ ដោយឡែក​ទំនាក់ទំនងពាណិជ្ជកម្ម​​រវាងប្រទេស​​ទាំងពីរ បានកើនឡើងយ៉ាង​ខ្លាំងក្លារហូតដល់ទៅ ៨០០ភាគរយ គិតចាប់តាំង​ពីហ្សកដានី ចូលជាសមាជិក​​អង្គការពាណិជ្ជកម្មពិភពលោក WTO និងការធ្វើវិសោធនកម្ម​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី៕