(ឌូបៃ)៖ សហភាពអារ៉ាប់រួម នៅថ្ងៃអាទិត្យនេះ បានបដិសេធសេចក្តីប្រកាសដោយក្រុមបះបោរក្នុងប្រទេសយ៉េម៉ែន ដែលថា ពួកគេបានបាញ់ប្រហារគ្រាប់មីស៊ីល មកកាន់រោងចក្រនុយក្លេអ៊ែរ របស់សហភាពអារ៉ាប់រួម នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការច្រានចោលនេះ ត្រូវបានធ្វើឡើង ខណៈដែលមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងរដ្ឋធានីនៃប្រទេស យ៉េមែន ដើម្បីកម្ទេចក្រុមបះបោរដែលធ្វើសង្គ្រាមប្រឆាំង ក្រុមប្រទេសជាសម្ព័ន្ធមិត្តដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងនោះរួមទាំងសហភាពអារ៉ាប់រួមផងដែរ។

ក្រុមបះបោរក្នុងប្រទេស យ៉េមែនដែលត្រូវបានគេស្គាល់ឈ្មោះថាHouthis បានបង្កការប្រឈមមុខជាមួយក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីយ៉េមែន លោក Ali Abdullah Saleh ក្នុងទីក្រុង Sanaa អស់រយៈពេលប្រាំថ្ងៃជាប់គ្នាមកហើយ។ ពួក Houthis បានចោទប្រកាន់ខាងលោក Saleh ថាបានចងសម្ព័ន្ធជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម។

ចាប់តាំងពីការប្រឈមមុខដាក់គ្នាក្នុងទីក្រុង Sanaa សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត បានដាក់គោលដៅវាយប្រហារទៅលើពួក Houthis ហើយគាំទ្រក្រុមរបស់លោក Saleh។ សេចក្តីប្រកាសរបស់ពួក Houthis បានធ្វើឡើងនៅថ្ងៃអាទិត្យនេះ ត្រូវបានធ្វើឡើងខណៈដែលប្រទេស អារ៉ាប់រួមអបអរសាទរខួបលើកទី៤៦នៃបុណ្យជាតិ ដែលចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ជាមួយនឹងការរំលឹកវិញ្ញាណខ័នយោធា របស់ខ្លួនដែលពលីក្នុងសង្គ្រាម៕