(វ៉ាស៊ីនតោន)៖ ក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង ពាក់ព័ន្ធនឹងការសារភាពទោសកំហុសពីសំណាក់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ថា ខ្លួនពិតបានភូតកុហកចំពោះភ្នាក់ងារ FBI នោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃសៅរ៍នេះថា ពិតជាគ្មានការឃុបឃិតរវាង យុទ្ធនាការបោះឆ្នោតរបស់លោក ជាមួយរុស្ស៊ីនោះឡើយ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយប៉ុន្មាននាទីមុននេះបន្តិច។

លោក ដូណាល់ ត្រាំ បានលើកឡើងពីបញ្ហានេះ ខណៈលោកចាកចេញពីសេតវិមាន។

សូមរំលឹកថា លោក Michael Flynn បានឆ្លើយប្រាប់ក្រុមការងាររបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ថា រូបលោកធ្លាប់បានជជែកជាមួយក្រុមមន្រ្តីផ្ទេរអំណាចរបស់លោក ដូណាល់ ត្រាំ នៅមុន និងក្រោយការទាក់ទងជាមួយនឹង លោក Kislyak ហើយលោកត្រូវបានបង្គាប់ថា តើត្រូវធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយមន្រ្តីរុស្ស៊ីដោយរបៀបណា ដោយវាផ្ទុយពីការអះអាងជាសាធារណៈ ដែលធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា លោក Michael Flynn បានប្រព្រឹត្តសកម្មភាពដោយខ្លួនឯង និងល្មើសបញ្ជាថែមទៀត។

សូមជម្រាបថា ប្រសិនបើអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ លោក ដូណាល់ ត្រាំ រូបនេះ មានភស្តុតាងជាក់ស្តែង ដែលគាំទ្រដល់ចម្លើយសារភាពរបស់លោកនោះ វានឹងក្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ នៅក្នុងដំណើរការស៊ើបអង្កេតទ្រង់ទ្រាយធំនេះ៕