(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ឆេះគ្រឿង​ម៉ាស៊ីនរុញច្រាន ដែលបំពាក់នៅ​លើ​យានអវកាស Voyager 1 ជាដើមដំបូង​ក្នុងពេល ៣៧ឆ្នាំ បានកន្លងទៅនេះ ហើយវត្ថុបង្កើត​ដោយមនុស្ស​តែមួយគត់ នៅតំបន់ក្រៅ​ប្រព័ន្ធព្រះអាទិត្យ​នេះ ពោល​គឺចម្ងាយ​ប្រមាណជិត ២១​ពាន់លាន​គីឡូម៉ែត្រ ពីផែនដីនោះ បានឆ្លើបតប​យ៉ាងល្អ​ឥតខ្ចោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។

បើតាម​អង្គការ NASA អំឡុងពេលជាច្រើនឆ្នាំមកនេះ យានអវកាស Voyager 1 បាននិងកំពុងប្រើប្រាស់​​​​ឧបករណ៍តូចៗ ដែលហៅថា «ម៉ាស៊ីន​គ្រប់​​គ្រង​រយៈ​កម្ពស់​» ដើម្បីទប់ចលនា និងតម្រង់ទិសរបស់វា ដើម្បីអាចឲ្យ​យានអវកាសនេះ ធ្វើការទាក់ទង​​ជាមួយ​ផែន​ដី​បាន​ក៏​ប៉ុន្តែ​ម៉ាស៊ីន​​រុញច្រាន​នេះ បាន​បន្តធ្លាក់ចុះ​សមត្ថភាពចាប់​តាំងតែ​ពីឆ្នាំ២០១៤​ម្ល៉េះ។

ក្រុមការងារនៃ​បេសកកម្ម Voyager បានប្រមែប្រមូល​ក្រុមអ្នកជំនាញ​មួយក្រុម ដើម្បីសិក្សាទៅលើ​​​​បញ្ហា​នេះ ហើយ​បានព្រមព្រៀង​គ្នា​​លើដំណោះស្រាយ​មិនធម្មតាមួយ ដែលនឹងព្យាយាម​​​ផ្តល់ឱកាស នៃទប់ចលនា និងតម្រង់ទិសនេះ ទៅឲ្យម៉ាស៊ីនរុញ​ច្រានបម្រុង​​ចំនួន ០៤គ្រឿង ដែលត្រូវបានផ្អាក​ដំណើរការចាប់តាំង​ពី​ឆ្នាំ១៩៨០មក។

នាសប្តាហ៍នេះ ក្រុមវិស្វករ​របស់ Voyager បានបញ្ជូនបញ្ជា​មួយដើម្បីបញ្ឆេះ​ម៉ាស៊ីន​រុញច្រាន «កែតម្រូវទិស​ធ្វើចលនា ឬ TCM» ​ហើយ​វាបាន​ប្រើពេល ១៩ម៉ោង និង៣៥នាទី ដើម្បីឲ្យលទ្ធផល​នៃការធ្វើ​តេស្តនេះ មកដល់ចាន​តេឡេស្កូបនៅ​មូលដ្ឋាន Goldstone នៃរដ្ឋ​កាលីហ្វរញ៉ា។ លទ្ធផលនៃការ​សាកល្បងនេះ បានបង្ហាញថា ម៉ាស៊ីន TCM បានដំណើរការ​យ៉ាងល្អឥតខ្ចោះ ដូចទៅនឹង​ម៉ាស៊ីន​​​គ្រប់គ្រង​រយៈកម្ពស់​អ៊ីចឹងដែរ។

ទន្ទឹមនឹងនេះ ផែនការទៅមុខទៀត​នោះគឺថា ផ្លាស់ប្តូរទៅប្រើប្រាស់​ម៉ាស៊ីន TCM ជាអចិន្រ្តៃយ៍​នៅខែមករា​ខាងមុខ។ ប្រធាន​គម្រោង​ Voyager លោកស្រី Suzanne Dodd បានថ្លែងថា «ដោយម៉ាស៊ីនរុញច្រាន​ទាំងនេះ នៅតែដំណើរការ​យ៉ាងល្អ ទោះបីជាមិន​ធ្លាប់បាន​​ប្រើ​ប្រាស់​អស់ ៣៧ឆ្នាំ ក៏ដោយនោះ យើងនឹងអាច​ពន្យាអាយុជីវិត​របស់យាន Voyager 1 បាន០២ ឬក៏០៣ឆ្នាំទៀត​»។ ក្រៅពីនេះ NASA ក៏បានឲ្យដឹង​បន្ថែមថា ខ្លួនទំនងជា​នឹងធ្វើតេស្ត​ស្រដៀងគ្នានេះ ទៅលើ​ម៉ាស៊ីន TCM របស់ Voyager 2 ជាយានអវកាស​​ភ្លោះ​របស់ Voyager 1 ផងដែរ។

គួរជម្រាបថា Voyager 2 ក៏កំពុងស្ថិតនៅលើ​គន្លងផ្លូវ ឆ្ពោះទៅកាន់តំបន់​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ ឬចន្លោះផ្កាយ​ផងដែរ (Interstellar Space) នៅក្នុងពេលប៉ុន្មាន​ឆ្នាំខាងមុខ ហើយបច្ចុប្បន្ននេះ​ម៉ាស៊ីនរុញច្រាន​គ្រប់គ្រងរយៈកម្ពស់​របស់វា កំពុងតែនៅ​ដំណើរការល្អ​ដូចធម្មតា។ Voyager 1 និង Voyager 2 ត្រូវបានបាញ់​បង្ហោះខុសត្រូវគ្នា ១៦ថ្ងៃ កាលពីឆ្នាំ១៩៧៧ ហើយ​យាន Voyager 1 បាន​​ទៅ​ដល់ Interstellar Space កាលពី​ឆ្នាំ២០១២៕