(សេអ៊ូល)៖ ទីបញ្ជាការអង្គការ​សហប្រជាជាតិ​ ប្រចាំតំបន់​ព្រំដែន​រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង​បានចេញផ្សាយ​វីដេអូឃ្លីបមួយ​ថតជាប់កាមេរ៉ាសុវត្ថិភាព​ ដែលបង្ហាញពី​ទាហាន​កូរ៉េខាងជើង​ម្នាក់ត្រូវបាន​គេតាមបាញ់​សម្លាប់ នៅអំឡុងពេល​​ព្យាយាមរត់ចូលមក​​ដី​កូរ៉េខាងត្បូង។  នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជុំវិញឧបទ្ទហេតុ​នេះដែរ ​យោធា​​កូរ៉េខាងត្បូង​ធ្លាប់បានឱ្យដឹងថា ទាហាន​កូរ៉េខាងជើង​​មា្នក់ខាងលើ បានរត់ភៀសខ្លួន​​មកកាន់​​កូរ៉េខាងត្បូង ដោយឆ្លងកាត់​​តាមតំបន់​សន្តិសុខ​ ស្ថិតនៅ​ក្នុងតំបន់​គ្មានយោធា​​នៃព្រំដែន​ភូមិ Panmunjom រវាង​កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយប្រើ​រថយន្ដ​មួយគ្រឿង​ដើម្បី​គេចខ្លួន។ ប៉ុន្តែដោយសារ​​រថយន្ដជាប់ផុង​ទៅណាមិនរួច ទើប​រូបគេ​បង្ខំចិត្ត​ចុះពីលើ​រថយន្ដ ខណៈទាហានកូរ៉េខាងជើង​ជាច្រើននាក់ ដេញតាមបាញ់​ឱ្យរបួសធ្ងន់ មុននឹងត្រូវ​បានទាហាន​កូរ៉េខាងត្បូង ជួយសង្រ្គោះ និងបញ្ជូនទៅកាន់​មន្ទីរពេទ្យ។ ​

គួរបញ្ជាក់ថា មកទល់​ពេលនេះ​កូរ៉េខាងត្បូង​មិនទាន់បញ្ជាក់​លម្អិត​ ពី​ព័ត៌មាន​​ពាក់ព័ន្ធនឹង​ទាហានកូរ៉េខាងជើង​រូបនេះ​ឡើយ ដោយគ្រាន់តែ​ឱ្យដឹងថា ហេតុការណ៍នេះ​បានកើត​ឡើង​នៅម៉ោង​ប្រមាណជា ១៥៖១១នាទី​រសៀល កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមទស្សនាវីដេអូក្រោម៖