(ឡុងដ៍)៖ ការស្ទង់មតិមួយ​ដឹកនាំដោយ វិទ្យាស្ថានស្រាវជ្រាវ ComRes R​esearch បានបង្ហាញថា ប្រជាជនអង់គ្លេស ៧៨ភាគរយ ជឿជាក់ថា​រដ្ឋាភិបាលអង់គ្លេស​ នឹងមិនចំណាយ លើប្រាក់ពន្ធ​ដោយភាពវៃឆ្លាត​នោះទេ ខណៈ​៦៩ភាគរយយល់ថា ពន្ធនៅក្នុងចក្រភពអង់​គ្លេសអាចនឹងកើន​ឡើង ក្រោយអង់គ្លេស​ចាកចេញពី​សហភាពអឺរ៉ុប។ នេះបើតាម​ការចេញ ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ប្រកាសព័ត៌មាន​របស់ខ្លួន ComRes R​esearch បានបញ្ជាក់​ដូច្នេះថា «ប្រជាជន​អង់គ្លេស ០៧ ក្នុងចំណោម ១០នាក់ ឬស្មើនឹង ៦៩ភាគរយ ជឿថា ពន្ធនៅក្នុង​ប្រទេស​នឹងកើនឡើង នៅពេលទីក្រុង​ឡុងដ៍ចាកចេញពី​សហភាពអឺរ៉ុប។ មិនតែប៉ុណ្ណោះ វិទ្យាស្ថានមួយនេះ​ក៏បានឱ្យដឹង​ដែរថា ៦៧ភាគរយ នៃអ្នក​ត្រូវបានសម្ភាសន៍​គិតថា រដ្ឋាភិបាល អង់គ្លេស​អាចនឹងវិនិយោគ​កាន់តែច្រើន លើវិស័យ​សេវាកម្ម​សាធារណៈ បើទោះជា​ពន្ធអាចនឹងឡើង​ថ្លៃខ្ពស់​ក៏ដោយ ស្របពេល ៥១ភាគរយ ផ្សេងទៀត​បានបង្ហាញ​ពី​ការត្រៀមលក្ខណៈ របស់ពួកគេ​ក្នុងការចំណាយ​លើតម្លើងពន្ធ លើវិស័យសេវាកម្ម​សាធារណៈ។

គួរបញ្ជាក់ថា ការស្ទង់​មតិរបស់ ComRes R​esearch ត្រូវបានធ្វើ​ឡើងពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា លើប្រជាជន​អង់គ្លេស ២,០៥២នាក់ មានអាយុ​ចាប់ពី ១៨ឡើងទៅ។ ចក្រភព អង់គ្លេស​បានបោះឆ្នោត​ប្រជាមតិ Brixit កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដោយលទ្ធផល​គឺប្រជាពលរដ្ឋជាង ៥០% គាំទ្រការចាកចេញពីសហភាពអឺរុប ហើយបើ​តាមការគ្រោង​ទុក​ទីក្រុងឡុងដ៍​នឹងចាកចេញពី​សហភាពអឺរ៉ុបជាផ្លូវការ នៅដំណាច់ខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ៕