(ហាណូយ)៖ ក្រោយ​ពីទទួលរងព្យុះទីហ្វុងដំរីដ៏កំណាច កាលពីប៉ុន្មាន​សប្តាហ៍មុន គ្រោះទឹកជំនន់​ដែលបង្កឡើងដោយ​​ភ្លៀងធ្លាក់ជោគជាំ នៅតំបន់ភាគ​កណ្តាល​នៃប្រទេស​វៀតណាម ក្នុងរយៈពេល​ ០៣ថ្ងៃកន្លងទៅនេះ បានផ្តាច់ជីវិត​មនុស្សចំនួន ០២នាក់ និងបណ្តាលឲ្យម្នាក់​ផ្សេងទៀត​បាត់ខ្លួន ពុំទាន់រកឃើញ​នៅឡើយ។ នេះ​បើតាម​ការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមគណៈកម្មាធិការ​ដឹកនាំ​ការងារមជ្ឈិម​របស់វៀតណាម ទទួលបន្ទុកកិច្ច​បង្ការ និងគ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិ បុរស​វ័យ​ ៥២ឆ្នាំម្នាក់ និង​ស្រ្តីវ័យ​ចំណាស់ ៨១ឆ្នាំម្នាក់ទៀត ដែលទាំងពីរ​រស់នៅ​ខេត្ត Thua Thien Hue ភាគ​​កណ្តាល បាន​លង់ទឹក​ស្លាប់​ដោយ​​​សារ​គ្រោះទឹកជំនន់ ហើយស្រ្តីវ័យ ៣៦ឆ្នាំ ម្នាក់មកពី​ខេត្តដូចគ្នា ត្រូវបានចរន្ត​ទឹកដ៏ខ្លាំង​កួចយកទៅ។

ក្រៅពីនេះ ទឹកជំនន់​ថែមទាំង​បានជន់លិចផ្ទះ​សម្បែងជិត ៨,៣០០ខ្នង នៅខេត្ត Thua Thien Hue និង ខេត្ត Quang Tri, បំផ្លិចបំផ្លាញ​​​ដំណាំចំរុះប្រមាណ ១០ហិកតា និងបណ្តាល​ឲ្យមានការរអិល​បាក់ច្រាំង​ទន្លេ នៅខេត្ត Quang Tri ព្រមទាំងបង្កភាព​រាំងស្ទះដល់​ប្រតិបត្តិការ​ធ្វើដំណើរតាមផ្លូ​វដែករវាង ប៉ែកខាងជើង និងខាងត្បូង​ជាដើម។

គួរជម្រាបថា បើតាមក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម សម្រាប់រយៈ​ពេល ១០ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះ​ធម្មជាតិ​ដែលភាគច្រើន​ក្នុងទម្រង់ជាទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេស​អាស៊ានមួយនេះ បានធ្វើឲ្យមនុស្សសរុបចំនួន ២៤៥នាក់​បាត់ខ្លួន និងស្លាប់៕