(ម៉ូស្គូ)៖ ប្រធានាធិបតី​ឆែក លោក Milos Zeman បានសម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ ចំពោះការរត់ប្រណាំង​ដាក់ទណ្ឌកម្មគ្នា​ទៅវិញ​ទៅមក​រវាងរុស្ស៊ី និងបណ្ដា​ប្រទេស​លោកខាងលិច។ ប៉ុន្តែ​ទន្ទឹមគ្នា ប្រធានាធិបតី​ឆ្វេងនិយមរូបនេះ​បាននិយាយជា​សាធារណៈថា សម្រាប់ប្រទេសឆែក​របស់លោក រុស្ស៊ីគឺ​មានសារៈសំខាន់​ជាងបារាំង ១០ដង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Milos Zeman ថ្លែងបែបនេះ​ នៅក្នុងជំនួបថ្ងៃដំបូងជា​មួយប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Sochi កាលពី​ថ្ងៃអង្គារ។ ថ្លែងនា​ឱកាស​នោះ លោក Zeman បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «នៅពេល​ខ្ញុំបំពេញទស្សនកិច្ច​ទៅកាន់ប្រទេស​បារាំង ខ្ញុំនាំទៅជា​មួយពាណិជ្ជករតែ ១៤នាក់ប៉ុណ្ណោះ ប៉ុន្តែពេលខ្ញុំ​ធ្វើដំណើរមកកាន់​ប្រទេស​រុស្ស៊ីមាន ពាណិជ្ជករ​ដល់ទៅ ១៤០នាក់ មកជាមួយខ្ញុំ... ដូច្នេះខ្ញុំអាច​និយាយបាន​ថា សម្រាប់ពួកយើង រុស្ស៊ីគឺសំខាន់​ជាងបារាំង ១០ដង»

គួរបញ្ជាក់ថា លោក Milos Zeman ដែលជាអ្នក​នយោបាយគាំទ្រ​រុស្ស៊ី ចិន និងប្រឆាំងជនភៀស​ខ្លួន កំពុងបំពេញដំណើរ​ទស្សនកិច្ចផ្លូវ​រដ្ឋ​ក្នុងប្រទេសរុស្ស៊ី ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។ ជាងនេះ​ទៅទៀត នៅក្នុងជំនួបថ្ងៃ​ដំបូងជាមួយ​ លោក ពូទីន រុស្ស៊ី និងឆែក បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​មានតម្លៃជាង ២០ពាន់​លានដុល្លារ៕