(វ៉ាស៊ីនតោន)៖ កញ្ចប់​ទណ្ឌកម្មថី្ម ដែលសហរដ្ឋអាមេរិក​បានដាក់បន្ថែម​ ទៅលើប្រទេស​កូរ៉េខាងជើង ជុំវិញកម្មវិធី​នុយក្លេអ៊ែរ និង​​​មីស៊ីលផ្លោង​នៃទីក្រុង​ព្យុងយ៉ាង រួមមានបុគ្គលជនជាតិ​ចិនម្នាក់, អង្គភាព​ចំនួន១៣, និងកប៉ាល់ចំនួន ២០គ្រឿង ដែលប្រការនេះបានបង្កឲ្យមានការប៉ះពាល់សេដ្ឋកិច្ច​ធ្ងន់ធ្ងរបន្ថែមទៀត លើរដ្ឋកុម្មុយនិស្ត​ជាសម្ព័ន្ធមិត្តរបស់ចិន​មួយនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមក្រសួង​រតនាគារជាតិ​អាមេរិក កូរ៉េខាងជើង​ត្រូវបានគេ​ស្គាល់ថា ពូកែក្នុង​ការប្រើប្រាស់​វិធីបញ្ឆោត​ភ្នែក ដើម្បីគេច​ពីការ​ដាក់​​ទណ្ឌកម្ម រួមមានការ​ផ្ទេរទំនិញរវាង​កប៉ាល់ និងកប៉ាល់ជាដើម ដែលជាទង្វើ​ហាមឃាត់ ដោយសេចក្តីសម្រេច​លេខ ២៣៧៥​ របស់​ក្រុមប្រឹក្សាសន្តិ​សុខ​នៃអង្គការ​សហប្រជាជាតិ។

រដ្ឋមន្រ្តីរតនាគារជាតិ​អាមេរិក លោក ស្ទីវិន ម្នូជីន (Steven Mnuchin) បានលើកឡើង​ក្នុងសេចក្តី​ថ្លែងការណ៍ ស្តីពីការប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មីនេះថា «ការដាក់ទណ្ឌកម្មនេះ រួមមាននូវ​បណ្តាក្រុមហ៊ុន​នានា ដែលបានចូល​ប្រឡូកក្នុងការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​​កូរ៉េ​ខាងជើង ដែលគិតជា​ទឹកប្រាក់សរុប​ស្មើនឹងរាប់រយ​លានដុល្លារ។ យើងក៏ដាក់​ទណ្ឌកម្មទៅលើ​ក្រុមហ៊ុនដឹក​ជញ្ជូន និងកប៉ាល់​របស់​ពួកគេ ដែលជួយ​សម្រួលដល់ការ​ធ្វើពាណិជ្ជកម្ម ព្រមទាំង​សកម្មភាពបោក​បញ្ឆោតរបស់ កូរ៉េខាងជើង​ផងដែរ»

បើតាម​លោក Mnuchin ការិយាល័យ​គ្រប់គ្រងទ្រព្យ​សកម្មបរទេស​ ចំណុះក្រសួងរតនាគារ​ជាតិអាមេរិក បានដាក់​ទណ្ឌកម្មទៅលើ​​​ជនជាតិចិន​ម្នាក់​ឈ្មោះ Sun Sindong និងក្រុមហ៊ុន​របស់លោក​ឈ្មោះ Dandong Dongyuan Industrial Co. ក្រោមការ​ចោទប្រកាន់​ថា បានធ្វើការនាំ​ចេញទំនិញមានតម្លៃ​សរុប ២៨លានដុល្លារ ទៅកាន់កូរ៉េខាងជើង ក្នុងអំឡុង​ពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រួមមាន​ទាំង​សម្ភារៈ ទាក់ទិននឹង​ការបង្កើតរ៉េអាក់ទ័រ​នុយក្លេអ៊ែរ។

លើសពីនេះក្នុងចំណោម​អង្គភាពដែលរងទណ្ឌកម្ម ក៏រួមមានក្រុមហ៊ុន​ចិនដ៏ទៃទៀត​ដូចជា Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., Ltd., និង Dandong Hongda Trade Co. Ltd ជាក្រុមហ៊ុន​ចំនួន ០៣ ដែលជាប់​សង្ស័យថា បាន​នាំ​ចេញទំនិញ​គិតជាទឹក​ប្រាក់ប្រមាណ ៦៥០លានដុល្លារ ទៅ​កូរ៉េខាងជើង។

គួរជម្រាបថា ទណ្ឌកម្មខាងលើ ក៏ត្រូវបានដាក់ប្រឆាំង​ទៅលើ ក្រុមហ៊ុន​កូរ៉េខាងជើង​ផងដែរ រួមមាន​ដូចជា Korea Rungrado Shipping Company, Korea Rungrado Ryongak Trading, Yusong Shipping Company, Dawn Marine Management Co. Ltd, Korea Daebong Shipping Company, និង Korea Kumbyol Trading Company រួមនិងកប៉ាល់​ជាច្រើនគ្រឿង ដែលធ្វើប្រតិបត្តិការ​​ដោយក្រុមហ៊ុនទាំងនេះ៕