(បេរូត)៖ ទីបំផុតនាយករដ្ឋមន្រ្តី​លីបង់ លោក Saad al-Hariri បានធ្វើដំណើរ​ទៅដល់រដ្ឋធានី​បេរូត (Beirut) នៃប្រទេសលីបង់​វិញ​ហើយ កាលពីព្រលប់​ថ្ងៃអង្គារម្សិលមិញ ក្រោយពី​រូបលោក បានប្រកាស​ចុះចេញពី​តំណែង ក្នុងអំឡុងពេលធ្វើ​ទស្សនកិច្ច នៅ​​​​​រដ្ឋ​ធា​នី​រីយ៉ាដ កាលពីជាង ០២សប្តាហ៍មុន និងថែមទាំង​មានការសង្ស័យ​ថា អារ៉ាប៊ីសាអូឌីត បានបង្ខិតបង្ខាំង​លោកនាយករដ្ឋមន្រ្តី​រូបនេះ​​ទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប៉ុន្មានថ្ងៃមុនដំណើរមកដល់នេះ លោក Saad al-Hariri បានចាកចេញពីទីក្រុងរីយ៉ាដ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំង​ ​ដើម្បី​ជួបជាមួយប្រធានាធិបតី លោក Emmanuel Macron ព្រមទាំងទៅប្រទេស​អេហ្ស៊ីប ជាទីដែលលោកបាន​ពិភាក្សា​ជាមួយប្រធានា​ធិបតី លោក Abdel Fatah Sissi។ ក្រោយ​មកទៀត លោក Hariri បានបន្តទៅ​កាន់សាធារណរដ្ឋសាយព្រឺស (Cyprus) ដែលការធ្វើ​ទស្សន​កិច្ច​ដោយ​មិន​បាន​ព្រាងទុក និងបានជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី លោក Nicos Anastasiades។

អតីតនាយករដ្ឋមន្រ្តី​លីបង់រូបនេះ បានប្រកាសពីការលាលែងពី​តំណែងរបស់លោក អំឡុងពេល​ស្ថិតនៅរដ្ឋធានី​រីយ៉ាដ របស់អារ៉ាប៊ី​​សា​អូ​ឌីត​​កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ដោយលើក​ហេតុផល ទាក់ទិននឹងសកម្មភាព​ប្រដាប់អាវុធរបស់​ក្រុមហេបូឡា (Hezbollah) នៅ​ក្នុងនិង​ក្រៅប្រទេស ជាក្រុមសកម្មប្រយុទ្ធ​លីបង់គាំទ្រ​ដោយអ៊ីរ៉ង់ ដែលត្រូវបាន​តំណាងដោយរដ្ឋមន្រ្តី និងស្ថាប័នមួយចំនួន​នៅក្នុង​​រដ្ឋាភិបាល ក៏ដូចជាសភា​លីបង់។ ម៉្យាងវិញ​ទៀត លោក Hariri ក៏បានបញ្ជាក់ដែរថា លោកបានដឹងអំពី​ផែនការលួចធ្វើ​ឃាតមួយ ដែលរៀបចំ​ឡើងចំពោះរូបលោក​នៅលីបង់ផងដែរ។​

ជុំវិញរឿងនេះ ក្រុម Hezbollah និងប្រទេសអ៊ីរ៉ង់ បានអះអាងថា លោក Hariri ត្រូវបានគេចាប់ជា​ចំណាប់ខ្មាំង ហើយបង្ខំឲ្យ​ប្រកាស​​លាលែងពីតំណែង ដោយ​អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង​រីយ៉ាដ ខណៈក្រោយមក​លោក Hariri ក៏បានច្រានពាក្យ​ចោទ​ប្រកាន់នេះ​ចោល ហើយធ្វើដំណើរ​ទៅជួបជាមួយលោក​ប្រធានាធិបតី​បារាំង នៅឯទីក្រុង​ប៉ារីស៕