(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានអំពាវនាវជាថ្មីម្ដងទៀត​ ​ឱ្យភាគីពាក់ព័ន្ធ​ទាំងអស់ ចូលរួមចំណែក​ក្នុងកិច្ចខិតខំប្រឹង​ប្រែង ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈកិច្ច​សន្ទនា បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បញ្ចូលកូរ៉េខាងជើង​ជាថ្មី ទៅក្នុងបញ្ជីខ្មៅនៃ​រដ្ឋគាំទ្រ​ភេរវករ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលទីក្រុង​ប៉េកាំងចេញមុខអំពាវនាវ​ ឱ្យមានកិច្ចចរចា​ ដើម្បីដោះស្រាយ​ភាពជាប់​គាំងបច្ចុប្បន្ន។ ក៏ប៉ុន្តែ នៅពេលនេះ​រឿងសំខាន់​នោះ គឺក្រុមអ្នក ជំនាញបាន​ព្រមានថា ការបញ្ចូល​កូរ៉េខាងជើង​ទៅក្នុងបញ្ជី​ខ្មៅ នៃរដ្ឋគំាទ្រ​ភេរវករ​នឹងបង្កឱ្យ​មានភាពតានតឹង​ជាថ្មី​ នៅលើ​ឧបទ្វីបកូរ៉េ។ ដោយឡែក​ជុំវិញបញ្ហានេះ​ដែរ ថ្លែងនៅក្នុង​សន្និសីទ សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក លូ កាង បានលើក​ឡើងយ៉ាងដូច្នេះថា «យើងនៅតែ​សង្ឃឹមថា រាល់ភាគីពាក់ព័ន្ធ​ទាំងអស់​ អាចនឹងចូលរួម​ចំណែក​បន្ធូរបន្ថយ​ភាពតានតឹង ក៏ដូចជាចាប់ផ្ដើម​កិច្ចសន្ទនា​ឡើងវិញ ព្រមទាំងស្វែងរកដំណោះស្រាយ​មួយ សម្រាប់វិបត្តិនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ តាមរយៈ​កិច្ចចរចា និងពិគ្រោះ​យោបល់»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់​កូរ៉េខាងត្បូង កូរ៉េខាងជើង​អាចនឹងបាញ់​សាកល្បងមីស៊ីល​ផ្លោង​ជាថ្មីម្ដងទៀត នៅមុន​ដំណាច់​ឆ្នាំ២០១៧ នេះខណៈក្រុម​អ្នកជំនាញក៏​បានព្រមានដែរថា ការបញ្ចូលកូរ៉េខាងជើង​ក្នុងបញ្ជីខ្មៅ​រដ្ឋគាំទ្រ​ភេរវករ នឹងធ្វើឱ្យទីក្រុង​ព្យុងយ៉ាង​បង្ករឿងជាថ្មី ឬបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរដោយយកលែសថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ចិញ្ចឹមចិត្ត​ប្រឆាំងនឹងខ្លួន៕