(ហ្ស៊ីមបាវេ)៖ ប្រធានសភាហ្ស៊ីមបាវេ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា លោកប្រធានាធិបតី Robert Mugabe បានសម្រេចចិត្តលាលែងចេញពីមុខតំណែងហើយ ក្រោយកាន់អំណាច ជាង៣៧ឆ្នាំមកនេះ​ តាមរយៈលិខិតលាលែងពីតំណែង ខណៈសភាកំពុងបើកសម័យប្រជុំរបស់ខ្លួនដើម្បីត្រួតពិនិត្យលើសំណើដកដំណែងពីរូបលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការសម្រេចចិត្តបែបនេះរបស់លោក Mugabe នៅឡើងនៅចំពេលសភាកំពុងបើកសម័យប្រជុំ បន្ទាប់ពីលោកបានបដិសេធមិនព្រមប្រកាសលាលែងពីតំណែងជាប្រធានាធិបតី ដោយថែមទាំងសន្យាទៀតថាលោកនឹងបន្តធ្វើជាប្រធានបក្សរហូតដល់ថ្ងៃសមាជបក្ស ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខ បើទោះជាសមាជិកគណបក្សកាន់អំណាច Zanu-PF នៅក្នុងប្រទេសហ្ស៊ីមបាវេ បានអំពាវនាវ និងទុកពេលឱ្យលោកត្រឹមថ្ងៃចន្ទ លាលែងពីតំណែងដោយខ្លួនឯងក៏ដោយ។

គួរបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវេ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី រីឯអ្នកនយោបាយជាច្រើននៅក្នុងប្រទេស យល់ថាលោកមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែង ជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ៕