(ណៃពិដោ​)៖ ប្រទេសចិនបានស្នើ​ឡើងនូវដំណោះស្រាយ​ជាបី​ដំណាក់កាល សម្រាប់​វិបត្តិ​ជនជាតិ​ដើមភាគតិច​រ៉ូហ៊ីងយ៉ា​ ដោយចាប់ផ្ដើម​ជាមួយបទឈប់បាញ់ នៅក្នុងរដ្ឋ Rakhine នៃប្រទេស​មីយ៉ាន់ម៉ា ដើម្បីអនុញ្ញាតឱ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ត្រឡប់ពី​បង់ក្លាដែស​មកកន្លែងដើមវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ​ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​ចេញផ្សាយនៅ​ថ្ងៃចន្ទនេះ រដ្ឋមន្ត្រី​ការបរទេសចិន លោក Wang Yi បានលើក​ឡើងយ៉ាងដូច្នេះថា «ជំហានដំបូង គឺអនុវត្តន៍បទឈប់បាញ់​នៅក្នុងរដ្ឋ Rakhine សំដៅស្ដារ​ស្ថេរភាព និងសណ្ដាប់ធ្នាប់​ឡើងវិញ ដើម្បីអនុញ្ញាត​ឱ្យជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ អាចត្រឡប់ពីបង់ក្លាដែស​មកភូមិកំណើត​របស់ពួកគេវិញ និងធានាថា ពួកគេមិន​ត្រូវបាន​បង្ខំ ឱ្យភៀស​ខ្លួន​សាជាថ្មី... តមកទៀតបន្ទាប់ពី​បទឈប់បាញ់​ កិច្ចចរចាទ្វេភាគី​មួយត្រូវតែ​ធ្វើឡើង ខណៈជំហាន​ចុងក្រោយគួរតែ​ធ្វើការងាររួមគ្នា ​លើការស្វែងរកដំណោះស្រាយ​រយៈពេលវែង ផ្អែកលើការ​កាត់បន្ថយ​ភាពក្រីក្រ»។

គួរបញ្ជាក់ថា ការលើកឡើង​របស់ លោក វ៉ាង យី ធ្វើឡើងនៅ​មុនពេលលោក​ត្រូវចូលរួមកិច្ច​ប្រជុំអឺរ៉ុប-​អាស៊ាន រៀបចំឡើង​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ នៅថ្ងៃចន្ទនេះ។ ប៉ុន្តែកាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការ​បរទេសចិន ក៏បានបញ្ជាក់​ដែរថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គួរតែត្រូវបាន​ដោះស្រាយ​ តាមរយៈកិច្ចចរចា​ទ្វេភាគី​រវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ជាជាងលើក​សំណុំរឿងនេះ​ទៅកាន់អន្តរជាតិ ខណៈជនភៀសខ្លួន​ដ៏កំសត់មួយ​នេះ​ច្រើនជាង ៦០០,០០០នាក់ បានភៀសខ្លួន​ទៅកាន់ប្រទេស​បង់ក្លាដែស ចាប់តាំងពី​ជម្លោះក្នុងរដ្ឋ Rakhine ផ្ទុះឡើង​កាលពីខែ​សីហាមក៕