(អេហ្ស៊ីប)៖ រដ្ឋមន្ត្រីការបរទេស​​អារ៉ាប៊ីសាអូឌីត លោក Adel Jubeir បានជម្រុញ​ឱ្យប្រជាជាតិ នៃសម្ព័ន្ធអារ៉ាប់ទំាងអស់ ស្វែងរកដំណោះស្រាយមួយ​ដោយគ្មាន​ការផ្សះផ្សា ដើម្បី​ទប់ទល់នឹង​ការឈ្លានពាន និងការរំលោភ​លើច្បាប់អន្តរជាតិ​របស់អ៊ីរ៉ង់ ហើយមិនតែ​ប៉ុណ្ណោះលោកក៏​បានព្រមានដែរ​ថា គ្មានរដ្ឋអារ៉ាប់ណា​មួយ​មានសុវត្ថិភាព​ពីមីស៊ីល​អ៊ីរ៉ង់​នោះទេ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ​ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការលើកឡើង​របស់ លោក Adel Jubeir ធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំជា​បន្ទាន់មួយ ក្នុងទីក្រុងគែរ​ប្រទេសអេហ្ស៊ីប​ កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាស​នោះដែរ រដ្ឋមន្ត្រីការបរទេស​រូបនេះ បានគូស​បញ្ជាក់ដូច្នេះថា «យើងនឹងមិនឈរ​នៅស្ងៀម​ដោយមិន​ធ្វើអ្វីទាល់​តែ​សោះឡើយ ប្រឈមមុខ​នឹងការឈ្លានពាន​របស់អ៊ីរ៉ង់ ខណៈពួកគេ​បានបង្កើត​ភ្នាក់ងារ​ជាច្រើន​នៅក្នុង តំបន់ដូចជា​ពួកឧទ្ទាម​ហ៊ូទី និង​ហេសប៊ូលឡា​ដោយរំលោភលើ​ច្បាប់​អន្តរជាតិ... ដូច្នេះបើយើង​មិនអាចឈាន​ដល់ដំណោះស្រាយ​មួយទេ​នោះ​ច្បាស់ណាស់​គ្មានរដ្ឋណា​មួយមាន សុវត្ថិភាពពីមីស៊ីល​របស់អ៊ីរ៉ង់​នោះទេ»

ក៏ប៉ុន្តែទន្ទឹមគ្នា លោក Adel Jubeir ក៏បានបញ្ជាក់​ដែរថា សកម្មភាពរបស់​ទីក្រុងរីយ៉ាដ នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺគ្រាន់តែជាការឆ្លើយតប​ទៅនឹងអ្វី​ដែលលោកហៅថា ជាសកម្មភាព​ឈ្លានពាន​ពីសំណាក់​ទីក្រុងតេហេរ៉ង់​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការទេស​អារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេស​ នៃបណ្ដា​អារ៉ាប់ដទៃ​ទៀត បានបើកកិច្ចប្រជុំ​បន្ទាន់មួយ​នៅក្នុង​ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃអាទិត្យ ដើម្បី ពិភាក្សាគ្នា​លើមធ្យោបាយ​ប្រឈមមុខ​ជាមួយអ៊ីរ៉ង់ និងក្រុមឧទ្ទាម​ហេសប៊ូលឡា ដែលបណ្ដា​ប្រទេសអារ៉ាប់​ចោទថា បានលូកដៃចូល​ក្នុងកិច្ចការផ្ទៃ​ក្នុងរបស់​ពួកគេ។

កិច្ចប្រជុំ​បន្ទាន់នេះ ធ្វើឡើងដោយ​មានសំណើ​ពីប្រទេស​អារ៉ាប៊ីសាអូឌីត និងមានការគាំទ្រ​ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងគុយវ៉ែត ហើយវាកើត​ឡើងចំ​ពេល​អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កំពុងមាន​ភាពតាន​តឹងនឹងគ្នា ក្រោយ​នាយករដ្ឋមន្ត្រី​លីបង់ លោក Saad al-Hariri ប្រកាសលាលែងពីតំណែង​ក្នុងទីក្រុង​រីយ៉ាដ និងដោយសារ​ជម្លោះ​នៅ​យេម៉ែន ជាទីដែល​ប្រទេស​ទាំងពីរ​គាំទ្រភាគី​ជម្លោះរៀងៗ​ខ្លួន៕