(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតី​ហ្ស៊ីបាវេ លោក Robert Mugabe បានសន្យាថា លោកនឹងបន្ត​កាន់អំណាច ដោយមិនព្រមប្រកាស​លាលែងពី​តំណែងឡើយ បើទោះជា​គណបក្សរបស់ លោកផ្ទាល់​បានបណ្ដេញ​រូបលោក ពីតំណែង​ជាប្រធាន​បក្សក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសុន្ទរកថា​ផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍រយៈពេល ២០នាទី កាលពី​ថ្ងៃអាទិត្យ លោក Robert Mugabe មិនបាន​ប្រកាសលាលែង​ពីតំណែង​ជាប្រធានាធិបតី ឡើយបើ​ទោះជា​គណបក្ស ZANU-PF របស់លោក​តម្រូវឱ្យចុះ​ចេញពីតំណែង ​នៅមុនថ្ងៃចន្ទនេះ​ក៏ដោយ។​

ជាងនេះ​​ទៅទៀត លោក Mugabe ក៏បានអះអាង​ដែរថា លោកនឹង​បន្តធ្វើ​ជាប្រធានបក្ស​នៅថ្ងៃសមាជបក្ស​ ដែលនឹងត្រូវ​ប្រព្រឹត្តទៅនៅ​ខែធ្នូខាង​មុខនេះ។ ប្រតិកកម្ម​របស់ប្រធានាធិបតី​វ័យ ៩៣ឆ្នាំរូបនេះ បានកើតមាន​ឡើងបន្ទាប់ពី គណបក្ស ZANU-PF បាន​សម្រេចចិត្តតែង​តាំង លោក Emmerson Mnangagwa ដែលត្រូវ​បាន​លោក Mugabe បណ្ដេញចេញពី​តំណែងកាលពីជាងពីរ​សប្ដាហ៍មុន ឱ្យកាន់តំណែង​ជាប្រធាន​បក្សថ្មី​ និង​ជាបេក្ខជន​សម្រាប់ ការបោះឆ្នោត​ប្រធានាធិបតី​នៅឆ្នាំ២០១៨ ផងដែរ។

គួរបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវេ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី ខណៈអ្នកនយោបាយជាច្រើននៅក្នុង​ប្រទេស​យល់ថា លោកមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែង ជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ។ តែ ដោយសារ​តែទង្វើនេះហើយ ទើបយោធាហ្ស៊ីមបាវេ​ចូលធ្វើអន្តរាគមន៍​ដណ្ដើមអំណាច​ពីលោក Mugabe៕

http://www.myzimbabwe.co.zw/images/stories/drag-n-drop/mugabe-chiwenga(6).jpg