(សេអ៊ូល)៖ បេសកជនពិសេសរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺលោក Song Tao បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាង ចិននិងកូរ៉េខាងជើង នៅពេលលោកធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក Song ធ្វើឡើងនៅក្នុងជំនួបជាមួយអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង លោក Choe Ryong-hae។ លោក Song បាន ធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ ប៉ុន្តែដំណើរទស្សនកិច្ចនេះកើតមានឡើងនៅចំពេលទីក្រុងប៉េកាំង កំពុងចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរបបដឹកនាំលោកគីម ជុងអ៊ុន។ ថ្លែងក្នុងបទអត្ថាធិប្បាយរបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងដូច្នេះថា៖«លោក Song Tao បានគូសបញ្ជាក់ពីគោលជំហរ នៃគណបក្សកុម្មុយនីស្ដចិនក្នុងការបន្តការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះ លោកក៏បានពិភាក្សានិងផ្លាស់ប្ដូរជាមួយលោក Choe Ryong-hae ផងដែរស្ដីពីស្ថានភាពនៅលើឧបទ្វីបកូរ៉េសព្វថ្ងៃ និងនៅក្នុងតំបន់ព្រមទាំងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ»

ប៉ុន្តែទោះជាយ៉ាងនេះក្ដី កាសែតចិន​ Global Times បាននិយាយថា គេមិនត្រូវរំពឹងខ្ពស់ឡើយពីជំនួបរវាងអ្នកទំាងពីរ។ «លោក Song មិនមែនជាគ្រូវេទិមន្តនោះទេ ហើយគន្លឹះ សំខាន់ដែលអាចបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យលើសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ពោលគឺបើទោះជាលោក Song បើកទ្វារជំហរសម្រាប់កិច្ចចរចាក៏ដោយ បើភាគីទាំងពីរ មិនព្រមព្រៀងគ្នា ភាពតានតឹងនឹងមិនអាចធូរស្រាលឡើយ»។ នេះបើតាមGlobal Times ​៕