(អាហ្សង់ទីន)៖ អាជ្ញាធរអាហ្សង់ទីនហាក់ដូចជាមានក្ដីសង្ឃឹមឡើងវិញថាសមាជិកនាវិកទំាង៤៤នាក់ នៃនាវាមុជទឹកមួយគ្រឿងដែលបានបាត់ខ្លួនអាចនឹងនៅរស់រាន្តមានជីវិត បន្ទាប់ ពីក្រសួងការពារជាតិអះអាងថានាវាមុជទឹកនេះបានព្យាយាមទំនាក់ទំនងតាមរយៈផ្កាយរណបកាលពីថ្ងៃសៅរ៍ ខណៈប្រតិបតិការជួយសង្រ្គោះ និងស្វែងរកកំពុងបន្តដំណើរការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមក្រសួងការពារជាតិអាហ្សង់ទីន ការហៅចូលមិនបានសម្រេចចំនួន០៧លើក​ ទំនងជាមានប្រភពមកពីនាវាមុជទឹក ARA San Juan ដែលកំពុងព្យាយាមបង្កើតទំនាក់ ទំនងឡើងវិញ។ បន្ថែមពីលើនេះកាលពីព្រឹកថ្ងៃពុធ និងល្ងាចថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) សញ្ញាជាច្រើនពីនាវាមុជទឹកនេះក៏ត្រូវបានចាប់រលកសញ្ញាបានផងដែរនៅចន្លោះ ពី ០៤ទៅ៣៦វិនាទី ស្របពេលអាជ្ញាធរអាហ្សង់ទីន កំពុងព្យាយាមកំណត់ទីតាំងនាវាមុជទឹកនេះ តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុនអាមេរិកមួយជំនាញផ្នែកទំនាក់ ទំនងតាម ផ្កាយរណប។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កងនាវាអាហ្សង់ទីន កំពុងបង្កើនការតាមស្វែងរកនាវាមុជទឹក ARA San Juan នៅឯតំបន់មហាសមុទ្រអាត្លង់ទិចខាងត្បូង ក្រោយដាច់ការទាក់ ទងអស់រយៈពេលជាងបីថ្ងៃមកនេះ ហើយវាសនាសមាជិកនាវិកទំាង៤៤នាក់ខាងលើមិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕