(ម៉ានីល)៖ បណ្តាមេដឹកនាំ នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តី​ប្រកាស និងសេចក្តីថ្លែងការណ៍​ជា​ច្រើន ក្រោមគោលបំណង​បង្កើនកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ ដើម្បីកសាង​សហគមន៍មួយ ដែលរួម​បញ្ចូលគ្នា ហើយមាន​ទាំង​​​ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់​ដែលរីកលូតលាស់​យ៉ាងឆាប់​រហ័សនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅ​ចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៣១ ដែលមានរយៈពេល ០២ថ្ងៃ​នេះ កាលពី​ថ្ងៃអង្គារថា មេដឹកនាំ​អាស៊ាន​ទាំងអស់ បានកត់សម្គាល់​ពីសារៈសំខាន់ នៃការបន្ត​ស្ថិតនៅលើវិថី​ ឆ្ពោះទៅរកការធ្វើ​​សមា​ហ​រណ​កម្ម​​​សេដ្ឋ​កិច្ច ទាំងក្នុងកម្រិត​នៃសហគមន៍​សេដ្ឋកិច្ចអាស៊ាន និងការរួម​បញ្ចូលជាមួយគ្នា នូវបណ្តាដៃគូ​ពាណិជ្ជ​កម្មឯទៀតៗ​របស់​ខ្លួន​ ដែលមកពី​​​ខាង​ក្រៅតំបន់។

នាឱកាស​នោះ លោក ឌូតឺតេ បានបន្តថា រាល់កិច្ចពិភាក្សា​ទាំងអស់ បានផ្តោតទៅ​លើការសម្រេច​ឲ្យបាននូវ សហគមន៍​អាស៊ានរឹង​មាំ មានភាពរួម​បញ្ចូលគ្នា សន្តិភាព និងស្ថិរភាព ដែលប្រកាន់​យកតួនាទីនាំមុខ​យ៉ាងសកម្ម ទាំងក្នុងនិង​ក្រៅតំបន់ ក្នុង​ការ​បង្កើន​កិច្ច​​សហ​ប្រតិ​បត្តិ​​នយោបាយ-សន្តិសុខ កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍ​សង្គម-វប្បធម៌។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលនេះ បានបន្ថែមថា លោកបានធ្វើ​ការពិភាក្សាប្រកប​ដោយផ្លែផ្កា ជាមួយ​បណ្តាមេដឹកនាំ​អាស៊ាន​ដទៃៗទៀត អំពីកិច្ចការដែល​កំពុងបន្តក្នុងការ​កសាងសហគមន៍ ព្រមទាំងការ​អនុវត្ត​ផែនការការងារ សំដៅ​​ឆ្ពោះទៅរកការ​សម្រេចចក្ខុវិស័យ​ឆ្នាំ២០២៥ របស់អាស៊ាន។

កាលពីដើមសប្តាហ៍នេះ មេដឹកនាំ​អាស៊ាន បានបើកកិច្ចប្រជុំ​ប្រកបដោយ​ភាពជោគជ័យ ជាមួយនឹងបណ្តា​មេដឹកនាំ​នៃប្រទេស​ជា​ដៃគូអាស៊ាន រួមមាន​អាស៊ានបូកបី ចិន-ជប៉ុន-កូរ៉េខាងត្បូង និងសមាសភាព​ក្នុងកិច្ចប្រជុំអាស៊ីខាងកើត (EAS) ដែល​ពាក់​​ព័ន្ធ​​ជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង​ សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់។

បើតាម លោក ឌូតឺតេ នៅអំឡុងកិច្ចប្រជុំ​ទាំងនេះ មេដឹកនាំអស់​បានផ្លាស់ប្តូរទស្សនៈ​ទៅវិញទៅមក ជុំវិញបញ្ហា​ក្នុងតំបន់ និងអន្តរ​ជាតិ រួម​មានដូចជា​អំពើភេរកម្ម និងការកើនឡើង​នៃអំពើហិង្សា​ជ្រុលនិយម ហើយបាន​សង្កត់ធ្ងន់​ពីសារសំខាន់​ នៃកិច្ចសហប្រតិ​បត្តិ​ការ ក្នុងការ​ដោះស្រាយ​បញ្ហានានា ដែលប៉ះពាល់ដល់​សន្តិសុខ សន្តិភាព និងវិបុលភាព នៅក្នុងតំបន់៕