(អាមេរិក)៖ ប្រសិនបើមាន​ជីវិតអេលៀន​ឆ្លាតវ័យ​ណាមួយ នៅក្នុងប្រព័ន្ធ​ផ្កាយ GJ 273 មែននោះ ពួកគេអាចរំពឹងបានថា នឹងទទួល​ដំណឹងពីយើង នៅក្នុងពេលជាង ១០ឆ្នាំ ខាងមុខទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ វែបសាយអវកាស-វិទ្យាសាស្រ្ត Space នៅរសៀល​ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលពីខែតុលា​កន្លងទៅ ក្រុមអ្នកវិទ្យាសាស្រ្តបានបាញ់បញ្ជូន​សារមួយ ឆ្ពោះទៅកាន់​ប្រព័ន្ធ GJ 273 ដែល​ជាផ្កាយប្រភេទ Red Dwarf (តូចជាព្រះអាទិត្យ និងមានពន្លឺក្រហម) ត្រូវ​គេ​ស្គាល់ថា ជាផ្កាយឈ្មោះ Luyten ស្ថិតនៅចម្ងាយ​ប្រមាណ ១២.៣៦ឆ្នាំពន្លឺ ពីភពផែនដី។ នេះបើតាម​ការលាត​ត្រដាង ឲ្យដឹងនា​ពេលថ្មីៗ​នេះ។ ក្នុងប្រព័ន្ធតារា Luyten រួមមាន​ភពចំនួន ០២ ដែលគេបានដឹង​ដោយ​ភពមួយ ក្នុងចំណោមនោះ គឺភព GJ 273b ប្រហែលជា​​​មានលទ្ធភាព​អាចទ្រទ្រង់​ជីវិតបាន បើតាមតែ​គេ​បានសន្និដ្ឋាន។

ទោះបីជា​សារខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជំរុញ​ឲ្យមានការ​ឆ្លើយតបពី​ជីវិតឆ្លាតវ័យ ដែលអាចមាន​វត្តមាននៅ​ភព GJ 273b យ៉ាងណាក្តី គោលដៅ​ចម្បងក្នុងការបញ្ជូន​សារ​ទាក់ទងនេះ គឺពាក់ព័ន្ធ​ការកសាងមូលដ្ឋាន​គ្រឹះមួយ សម្រាប់​អនាគតកាល។ លោក Douglas Vekoch ប្រធានអង្គការ​មិនរកប្រាក់​កំរៃ METI ដែលមានមូលដ្ឋាន​នៅទីក្រុង San Francisco បាន​បញ្ជាក់ថា «វាគ្រាន់តែជា​​ការសាកល្បង​មួយ​ដំបូងប៉ុណ្ណោះ នូវអ្វីដែល​យើងគិតថា នឹងត្រូវការធ្វើ​ឡើងរាប់រយ​រាប់ពាន់ ឬក៏រាប់លាន​ដងថែម​ទៀត។ សម្រាប់​ខ្ញុំជោគ​ជ័យដ៏ធំបំផុត​នៃគម្រោងនេះ នឹងចេញ​ជារូបរាង ប្រសិនបើ​ក្នុងពេល​ប្រមាណ ២៥ឆ្នាំខាងមុខ ដោយរាប់ចាប់​ពីពេលនេះ មាន​​នរណា​ម្នាក់ នៅចងចាំ​អំពីរឿងនេះ ហើយស្វែងរក​ការឆ្លើយតបនៃ​សារអវកាសនេះ»។

ដោយឡែក ការបញ្ជូនសារទៅកាន់ជីវិតក្រៅភពបែបនេះ គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយ។ អ្នករិះគន់មួយចំនួន ជាពិសេសអ្នកវិទ្យា​សាស្រ្ត​ដ៏ល្បីរបស់ចក្រភព​អង់គ្លេស លោក Stephen Hawking ធ្លាប់បានលើក​ឡើងថា យុទ្ធសាស្រ្តបែប​ប្រថុយប្រថាន​នេះ អាច​នឹង​បង្ក​សេចក្តីវិនាស​ដល់ជីវិតរស់នៅ​របស់មនុស្ស​លោក ព្រមទាំងភព​របស់យើង បើសិនជាប៉ះពួក​អេលៀនអាក្រក់ៗ ដែល​​មាន​​ភាព​​​បច្ចេកវិទ្យារីក​ចម្រើន​​ខ្លាំង​ក្លា ឬក៏ស្រេកឃ្លាន​ធនធាន​នោះ។

យ៉ាងណាមិញ លោក Vakoch បានយល់​ឃើញថា ការបាញ់បញ្ជូន​សារ​ទៅកាន់​ប្រព័ន្ធផ្កាយ Luyten មិនបង្កើន​ហានិភ័យ នៃការ​វាយ​ប្រហារ​ពីសំណាក់អេលៀន​នោះឡើយ។ «វាពិតជាពិបាក​នឹងស្រមៃខ្លាំង​ណាស់ អំពី​ព្រឹត្តិការណ៍មួយ ដែលជីវិតឆ្លាត​វ័យនៅ​​ជុំវិញផ្កាយ Luyten អាចមាន​សមត្ថភាពធ្វើ​ដំណើរ​មកផែនដី ហើយបង្កការ​គំរាមកំហែង​មកលើយើង។ ម៉្យាងវិញទៀត ពួកគេ​មិន​ទាំង​អាចប្រទះឃើញការ​លេចចេញ​ នៃរលកវិទ្យុសកម្ម តាំងពីរយូរយារណាស់មកហើយ របស់យើងផង»។ ប្រយោគចុងក្រោយ​នេះលោក Vakoch ចង់សំដៅ​ទៅលើរលក​សញ្ញាទូរទស្សន៍ និងវិទ្យុ ដែលបាននិង​កំពុងរបូតចេញ​ពីផែនដី ទៅកាន់លំហអាកាស​​សម្រាប់​កំឡុងពេល ជាងពាក់កណ្តាល​សតវត្សរ៍​មកហើយ។

សារខាងលើរួមមាន ការបង្ហាត់បង្ហាញ​ផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យា ព្រមទាំងតូរ​តន្រ្តីខ្លីៗ​ចំនួន ៣៣ ហើយវាត្រូវបាន​បញ្ជូនក្នុង​​ទម្រង់​ជាលេខកូក Binary (១និង០) នៅកម្រិតប្រេកង់​ពីរខុសគ្នា កាលពីថ្ងៃទី១៦-១៧-១៨ ខែតុលា តាមរយៈការប្រើប្រាស់​អង់តែន​វិទ្យុដ៏​ធំមហិមា EISCAT នៅប្រទេសន័រវែស។

គួរបញ្ជាក់ថា ប្រព័ន្ធ Luyten ត្រូវបានជ្រើសរើស​ជាពិសេស ដោយសារ​តែរយៈចម្ងាយ​របស់វា ជាមួយនឹងភពផែនដី ដែលតាមទឹ្រស្តី​អាចឈានទៅ​រកការឆ្លើយតប​ដ៏ឆាប់រហ័ស​ពីទីនោះ។ ផ្កាយក្រហមនេះ គឺជាតារា​ដ៏កៀកជាងគេ ដែលអាចត្រូវ​មើលឃើញ​ពីតំបន់ ​Northern Hemisphere (អឌ្ឍគោលខាងជើង) នៃភពផែនដី ហើយត្រូវ​បានគេ​ដឹងថា មានផ្ទុកភពដែល​ទំនង​ជាអាចទ្រទ្រង់​ជីវិត​​ឆ្លាតវ័យបាន៕