(ប៉េកាំង)៖ ការប្រកាសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា មិនបានធ្វើឲ្យរដ្ឋាភិបាលចិនភ្ញាក់ផ្អើល និងប្រតិកម្មអ្វីនោះឡើយ ផ្ទុយទៅវិញ ប្រទេសចិន បានបង្ហាញជំហរគាំទ្រជានិច្ចចំពោះដំណើរការរក្សាស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ នេះជាការប្រកាសជំហរពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសចិន លោក Geng Shuang។

នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ អ្នកព័ត៌មានបានសួរពីជំហររបស់រដ្ឋាភិបាលជុំវិញការរំលាយ គណបក្សសង្រ្គោះជាតិពីសំណាក់តុលាការកំពូលរបស់កម្ពុជា។ ឆ្លើយតបទៅនឹងសំណួរនេះលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានថ្លែងបង្ហាញពីប្រតិកម្មរបស់ខ្លួននោះឡើយ តែចិនបាន​ប្រកាស​គាំទ្រជានិច្ច ​ចំពោះ​ដំណើរការ​អភិវឌ្ឍរបស់កម្ពុជា ទៅតាមបន្ទាត់នយោបាយរបស់កម្ពុជា។

ប្រទេសចិន គឺជាប្រទេសមហាអំណាចពិភពលោក ដែលមិនបានសម្តែងប្រតិកម្មចំពោះការរំលាយគណបក្សសង្រ្គោះជាតិ ដោយអំណាចច្បាប់របស់កម្ពុជា ខណៈដែលប្រទេសសេរីមួយចំនួន បានបង្ហាញប្រតិកម្មខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងមួយនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានរកឃើញថា គណបក្សមួយនេះជាប់ពាក់ព័ន្ធទង្វើក្បត់ជាតិ ប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដោយបានឃុបឃិតជាមួយបរទេសប្រព្រឹត្តទង្វើទុច្ចរិត៕