(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឃ្លីបវីដេអូរួម និងរូបភាពដ៏ចម្លែកៗ បានលេចឡើង​នៅលើបណ្តាញ​អ៊ីនធីណែត ព្រមទាំងប្រព័ន្ធ​ផ្សព្វផ្សាយថ្មីៗ​​នេះ​ ដោយ​បង្ហាញ​ឲ្យឃើញពី ដុំពពក​ដែលមានរាង​ខុសប្លែកពី​ធម្មតា គឺទៅដូច​ទៅនឹង​យានស្រមើស្រមៃ​របស់មនុស្សក្រៅភព ដែលមនុស្ស​ភាគច្រើន​ស្គាល់ថា ជា «ថាស​ហោះ ឬ UFO»៕

២៖ ប្រេសិតពិសេស​របស់ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះ​គ្រោងនឹងធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​​កូរ៉េ​ខាងជើង នៅចំពេល​ដែលចំណងទាក់ទង​ទ្វេភាគីរវាង​ប្រទេសទាំងពីរ មានភាពអន់ថយ ដោយសារ​តែកម្មវិធីនុយក្លេអ៊ែរ និង​មីស៊ីល​ផ្លោង​​​របស់​ទីក្រុងព្យុងយ៉ាង៕

៣៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ នៅថ្ងៃសុក្រ​នេះ​បានបង្ហាញក្ដី​សង្ឃឹមរបស់​លោកថា ការជជែកដេញ​ដោល​ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិនិយម ​នឹង មានការជឿនលឿន​ទៅមុខ​ ខណៈលោក​ផ្ទាល់បានសន្យា​ថា នឹងដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ ក៏ដូចជាបង្កើត​ចំណងមិត្តភាព​ឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដា​ប្រទេសជិតខាង បើទោះ​ជាមានការជំទាស់ពី​បក្សប្រឆាំង​ក៏ដោយ៕

៤៖ ក្នុងអំឡុងពេល​មួយសប្តាហ៍ នៃការធ្វើប្រតិបត្តិការ​យោធា​នៅប្រទេស​ស៊ីរី កងយន្តហោះ​ចម្បាំង​រុស្ស៊ី ត្រូវគេ​រាយការណ៍​​ថា​ បានកម្ទេចសម្ភារៈជាង ១,២៥០គ្រឿង ដែលជារបស់​ក្រុមសកម្មប្រយុទ្ធ ISIS៕

៥៖ ជាថ្មីម្តងទៀត​ប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើម​មានទំនាក់ទំនង​ប្រសើរ​ឡើងវិញនោះ​​បានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈ​កិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ៕

៦៖ ទីភ្នាក់ងារបច្ចេក​វិទ្យាការពារជាតិ​របស់ថៃ គ្រោងនឹងបង្កើត​រោងចក្រមួយរួមគ្នា​ជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខា​យោធា ហើយដែលនេះ​គឺជាសញ្ញា​នៃការពង្រឹង ទំនាក់ទំនងសន្តិសុខ​កាន់តែខ្លាំង​រវាងទីក្រុង​បាងកក និងទីក្រុង​ប៉េកាំង គិតចាប់តាំង​ពីមានរដ្ឋប្រហារយោធា​ កាលពី​ឆ្នាំ២០១៤​មក៕