(បាកដាដ)៖ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែលកំពុងវាយប្រយុទ្ធ​ជាមួយពួក​សកម្មប្រយុទ្ធ ISIS​ នៅ​ថ្ងៃសុក្រនេះ បានវាយសំរុក​ចូលក្នុង​ទីក្រុង Rawa ហើយដែល​ជាទីក្រុង​ស្ថិតក្បែរ តំបន់ព្រំដែន​រវាងអ៊ីរ៉ាក់ និងស៊ីរី ក្រោមក្របខណ្ឌ​នៃប្រតិបត្តិការ​បោសសំអាតពួក ISIS ចេញពីទីក្រុងមួយនេះ​ ដែលជាមូលដ្ឋានដ៏រឹងមំាចុង​ក្រោយ នៃពួកសកម្មប្រយុទ្ធ​ ISIS នៅក្នុង ប្រទេស​អ៊ីរ៉ាក់។ នេះបើតាម​ប្រភពពីមន្ត្រីយោធាអ៊ីរ៉ាក់ ដកស្រង់​​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ដ៏ខ្លីមួយ មេបញ្ជាការយោធា​អ៊ីរ៉ាក់ លោក Abdul Amir Yarallah បាន​បញ្ជាក់យ៉ាងដូច្នេះថា «កងទ័ព និងយោធា​ប៉ារ៉ាអ៊ីរ៉ាក់ បាននិង​កំពុងវាយ​សម្រុកចូល ក្នុងទីក្រុង Rawa ប៉ុន្មានម៉ោង​បន្ទាប់ពីពួកគេ​បានរំដោះ តំបន់ក្បែរខាងចំនួន ០៤ នៅភាគខាងលិច​នៃទីក្រុង​មួយនេះ»។ គួររំលឹកថា កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា នាយករដ្ឋ​មន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានបង្ហូតទង់ជាតិ​អ៊ីរ៉ាក់នៅ​តំបន់ Husaibah ជាប់ព្រំដែន​ជាមួយស៊ីរី ពីរថ្ងៃក្រោយ​កងកម្លាំងអ៊ីរ៉ាក់​ វាយដណ្ដើម​បាន​តំបន់នេះ និងទីក្រុង al-Qaim ពីពួក ISIS។

បន្ថែមពីលើនេះបើតាម​ទីក្រុងបាកដាដ កងកម្លាំងអ៊ីរ៉ាក់ នឹងបន្តបោស​សំអាតពួក ISIS នៅតាមតំបន់ជនបទ​ ស្ថិតនៅភាគខាងជើង​នៃទន្លេ Euphrates និងតំបន់វាលខ្សាច់​នៅចន្លោះ ខេត្ត Anbar និង Salahudin។ ដោយឡែក កាលពី​ថ្ងៃទី២៦ ខែតុលា កងកម្លាំង​អ៊ីរ៉ាក់ បានចាប់ផ្ដើម​ប្រតិបត្តិការយោធា​ទ្រង់ទ្រាយ ដើម្បីរំដោះទីក្រុង Rawa ជាទីតាំង​ឈរជើងដ៏រឹង មំាចុងក្រោយ​នៃពួក ISIS​ ដែលធ្លាប់បានកាន់កាប់​ទឹកដីអ៊ីរ៉ាក់​មួយផ្នែកធំ កាលពីឆ្នាំ២០១៤ ហើយបីឆ្នាំក្រោយមក​ ទើបទីក្រុងបាកដាដ​អាចវាយយកទឹកដី​ជាច្រើន​មកវិញ ក្នុងនោះ រួមមានទាំងទីក្រុង​ម៉ូស៊ុលផងដែរ៕