(តូក្យូ)៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ នៅថ្ងៃសុក្រ​នេះ​បានបង្ហាញក្ដី​សង្ឃឹមរបស់​លោកថា ការជជែកដេញ​ដោល​ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិនិយម ​នឹង មានការជឿនលឿន​ទៅមុខ​ ខណៈលោក​ផ្ទាល់បានសន្យា​ថា នឹងដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ ក៏ដូចជាបង្កើត​ចំណងមិត្តភាព​ឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដា​ប្រទេសជិតខាង បើទោះ​ជាមានការជំទាស់ពី​បក្សប្រឆាំង​ក៏ដោយ។ នេះបើ តាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​សារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសុន្ទរកថា​ ស្ដីពីគោលនយោបាយ​ជាលើកដំបូង ទៅកាន់សភា​ជប៉ុន​ទំាងពីរ ចាប់តាំង​បានជាប់ឆ្នោតជាថ្មី​ជា​នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ដែលជាប្រធាន​គណបក្សសេរី ប្រជាធិបតេយ្យ (​LDP) បានអំពាវនាវ​ឱ្យមានការជជែកដេញ​ដោល ប្រកបដោយ​លក្ខណៈស្ថាបនា ជុំវិញគោល​នយោបាយ និងបញ្ហា​ខ្វែងគំនិតគ្នា​ លើការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សន្តិនិយម​ជាលើកដំបូង​បំផុត គិតចាប់តាំងពីសង្រ្គាម​លោកលើក​ទី ២ មក។​

លោក អាបេ បានបញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការជជែក​ដេញដោលលើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សន្តិនិយម​ នឹងការជឿន​លឿន​ទៅមុខ ហើយ​លទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែង​ នឹងទទួល​បានគំនិត និងចម្លើយ​រួម ដើម្បីឆ្លើយតប​នឹងបញ្ហាប្រឈម​ទាំងឡាយ»។ យ៉ាងណាក៏ដោយ ដោយសារ​គណបក្ស LDP​ និងគណបក្ស​ជាដៃគូ Komeito ក្ដោបសំឡេង​ពីរភាគបីនៅសភាជាន់ទាប នាំឲ្យគេយល់ថា ការជជែកដេញដោលនេះ នឹងមានជឿនលឿនទៅមុខ ហើយអាចនឹង​លើកទៅជជែក​នៅសភាជាន់ខ្ពស់​ក៏ថាបាន។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​សន្តិនិយម ត្រូវបានអនុម័ត​ដោយ​សហរដ្ឋអាមេរិក ក្រោយសង្រ្គាមលោក​លើក​ទី ២ បានតម្រូវ​ឱ្យជប៉ុនមាន​ត្រឹមតែ​កងកម្លាំងស្វ័យ​ការពារតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រឈមមុខ​នឹងការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង ដែលកំពុងដើរ​កាន់តែទៅមុខ​លើវិថីអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ឆ្លងទ្វីប វាបានធ្វើ​ឱ្យលោក ស៊ីនហ្សូ អាបេ ជំរុញបន្តឱ្យមានការ​ជជែកដេញដោល លើការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដើម្បីបើកផ្លូវ​ឱ្យកងកម្លាំង​ជប៉ុន មានលទ្ធភាព​ពង្រឹងវិស័យយោធា​ មិនមែនត្រឹមទុកតែ​ការពារខ្លួនឯង ពោលគឺអាចជួយ សម្ព័ន្ធមិត្ត​របស់ខ្លួន​ នៅក្នុងករណីមាន​ការឈ្លានពាន​ណាមួយ៕