(ញូដេលី)៖ រដ្ឋភាគខាងជើង​ប្រទេស​ឥណ្ឌា Telanagana បាន​ជ្រើសរើស​យកវីធីសាស្រ្ត​ដ៏ប្លែកខុសពីគេឯង ដើម្បីធ្វើ​ការលុបបំបាត់​​សកម្មភាព​បន្ទោរបង់ពាស​វាលពាសកាល នៅតាម​ទីសាធារណៈ តាមរយៈការប្រើប្រាស់​ឧបករណ៍​ដ្រូន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងលក្ខណៈជា​គម្រោង​សាកល្បង សមត្ថកិច្ចឥណ្ឌា​បានដាក់ពង្រាយ​យន្តហោះដ្រូន ឲ្យប្រចាំការ​នៅតាមច្រាំង​ទំនប់​ក្នុង​តំបន់​​មួយ​កន្លែង នៅ​ស្រុក Karimnagar របស់ខេត្ត Telanagana ដើម្បីទប់ស្កាត់​កុំឲ្យមនុស្សម្នា ធ្វើការបន្ទោរបង់​នៅក្បែរ​ទំនប់ទឹកនេះ។ មន្រ្តី​​​ប៉ូលិសឥណ្ឌា​បានឲ្យដឹងថា ទំនប់​ទឹក Lower Manair Dam គឺជាប្រភព​ទឹកស្អាតសម្រាប់​បរិភោគ​ដ៏សំខាន់ របស់ប្រជាជន​​រស់​នៅ​ក្នុង​​ទីក្រុង Karimnagar ហើយប្រសិនបើ​ទទួលជោគជ័យ ផែនការនេះ​ក៏នឹងត្រូវយក​ទៅអនុវត្តន៍ នៅតាមទីតាំង​ផ្សេងៗទៀត​ផង​ដែរ​។

គួរជម្រាបថា ទោះបីជារដ្ឋាភិបាល​ឥណ្ឌា បាននិងកំពុង​ផ្តល់ថវិកា​លើកទឹកចិត្ត ដើម្បីសាងសង់​បង្គន់​សាធារណៈឲ្យ​បានច្រើន និង​​លើក​កម្ពស់​​យុទ្ធការបង្កើន​ការយល់ដឹងអំពី​អនាម័យ និងភាពស្អាត​យ៉ាងណាក្តី ការបត់ដៃ​បត់ជើង នៅតាមទីវាល​សាធារណៈ តែង​តែកើត​មានឡើងជារឿយៗ នៅតាមតំបន់​មួយចំនួន នៅទីជនបទ​ឥណ្ឌា និងសូម្បីតែតំបន់​ប្រជុំជនខ្លះៗ​ទៀតផង៕