(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានចេញសេចក្តីព្រមាន​ អំពីការធ្វើដំណើរ​នៅទ្វីបអឺរ៉ុប ដល់ប្រជាពលរដ្ឋ​របស់ខ្លួន និងទទូចឲ្យពួក​គេ​មានការប្រុង​ប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ​កាន់តែខ្ពស់ នៃសកម្មភាព​វាយប្រហារ​ដោយ​ភេរវកម្ម នៅទូទាំង​តំបន់នេះតែម្តង។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ដោយផ្អែកទៅ​លើសេចក្តីរាយការណ៍​នាពេលថ្មីៗនេះ អំពីហេតុការណ៍អកុសលជា​បន្តបន្ទាប់ ដែលបានកើតឡើង​ក្នុងបណ្តាប្រទេស​អឺរ៉ុប​ រួមមាន បារាំង ចក្រភព​អង់គ្លេស និងស៊ុយអែត​ជាដើមនោះ ក្រសួង​ការបរទេស​អាមេរិក បានឲ្យដឹងថា ខ្លួននៅតែបន្ត​មានក្តីកង្វល់​អំពី​​ករណី​ភេរវកម្ម ដែលនឹងអាច​កើតមានឡើង​នាពេលអនាគត។

បើតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ខាងលើ ឧប្បត្តិហេតុ​អាក្រក់ៗ​ទាំងនោះ បានស្តែងឲ្យ​ឃើញថា ពួកសកម្ម​ប្រយុទ្ធ ISIS និង​​អាល់កៃដា ព្រមទាំងក្រុម​ពាក់ព័ន្ធដទៃៗ​ទៀត នៅតែ​មានលទ្ធភាពរៀបចំ និងអនុវត្ត​គម្រោងការ​ភេរវកម្ម​ខ្មៅងងឹង នៅអឺរ៉ុប​បាន​ដដែល។

គួរបញ្ជាក់ថា ជាមួយគ្នានេះ​អាមេរិក​បានប្តេជ្ញាថា នឹងបន្តធ្វើការងារយ៉ាង​ជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត​នៅអឺរ៉ុប ដើម្បីដោះស្រាយ​បញ្ហា​ភេរវកម្ម។ ម៉្យាងវិញទៀត សេចក្តី​ព្រមានពី​ការធ្វើដំណើរនេះ​ត្រូវគេរំពឹងថា នឹងផុតកំណត់នៅ​ដំណាច់​ខែមករា ឆ្នាំ២០១៧៕