(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តី​ថ្លែងការណ៍ កោតសរសើរ​មិនដាច់ពីមាត់ ចំពោះចំណាត់ការក្តៅរបស់ប្រទេស​​ស៊ូដង់ខាងត្បូង ​ដែលបានកាត់ផ្តាច់​ទំនាក់ទំនង​​យោធា និងពាណិជ្ជកម្ម​គ្រប់ទម្រង់ ជាមួយនឹងប្រទេស​កូរ៉េខាងជើង ជាការ​អនុឡោមទៅតាមទណ្ឌកម្ម នៃអង្គការ​សហប្រជាជាតិ។ នេះបើតាមការ​​ចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀល​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការថ្លែងដូច​ខាងលើនេះ ត្រូវបានធ្វើឡើង​ក្រោយ លោក John Sullivan អនុរដ្ឋមន្ត្រី​ការបរទេស​​សហរដ្ឋអាមេរិក ជួបសំណេះសំណាល​ជាមួយនឹងមន្ត្រីរដ្ឋាភិបាល​ស៊ូដង់ខាងត្បូង។ នេះបើតាមការ​បញ្ជាក់ពីអ្នកនាំពាក្យ​​ក្រសួងការបរទេស​អាមេរិក លោកស្រី Heather Nauert ក្រោយទទួលបាន​​សេចក្តីប្រកាស​​ជាផ្លូវការ​ ពីរដ្ឋាភិបាលស៊ូដង់ខាងត្បូង ចំពោះជំហររបស់​ប្រទេស​អាហ្វ្រិកភាគកណ្តាលមួយនេះ ទៅលើកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក ស្វាគមន៍ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាលស៊ូដង់ខាងត្បូង ហើយយើងនឹងបន្តសហការ​គ្នាទៅមុខទៀត នៅក្នុងបញ្ហានេះ ដើម្បីធានាថា កិច្ចការនានានឹងត្រូវបានគោរពយ៉ាងពេញលេញ»។ មន្ត្រីតំណាង​រដ្ឋាភិបាល​អាមេរិកក៏​បានសង្កត់ធ្ងន់​ផងដែរថា ទីក្រុងវ៉ាស៊ីនតោន​នឹងបន្តការផ្តោតការ​យកចិត្តទុកដាក់​ខ្លាំងជានិច្ច​លើបញ្ហា​កូរ៉េខាងជើង ដើម្បីធានាឲ្យបាន​នូវសន្តិសុខ និងសន្តិភាពសកល៕