(ប៉េកាំង)៖ ប្រេសិតពិសេស​របស់ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះ​គ្រោងនឹងធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​​កូរ៉េ​ខាងជើង នៅចំពេល​ដែលចំណងទាក់ទង​ទ្វេភាគីរវាង​ប្រទេសទាំងពីរ មានភាពអន់ថយ ដោយសារ​តែកម្មវិធីនុយក្លេអ៊ែរ និង​មីស៊ីល​ផ្លោង​​​របស់​ទីក្រុងព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

បើតាមប្រភព​ការទូតចិន លោក Song Tao ប្រធាននាយកដ្ឋាន​អន្តរជាតិ​ នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ត្រូវគេ​​រំពឹង​​ថា នឹង​ចាក​ចេញ​ទៅ​កាន់រដ្ឋធានីព្យុងយ៉ាង​របស់កូរ៉េខាងជើង​ នាល្ងាច​ថ្ងៃសុក្រនេះ។ យ៉ាងណាមិញ ព័ត៌មាន​​លម្អិត​ទាក់​ទិន​នឹង​​ដំណើរ​ទស្សនកិច្ច​របស់លោក ពុំទាន់ត្រូវបានគេ​ដឹងច្បាស់​នៅ​ឡើយទេ ក៏ប៉ុន្តែប្រភពដដែល​បាន​លើក​ឡើងថា លោកអាចនឹងបំពេញទស្សន​កិច្ចរយៈពេល ០៤ថ្ងៃ នៅទីនោះ ហើយនា​ឱកាស​នោះ លោក Song ក៏អាចជួប​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ផង​ដែរ។

គួរបញ្ជាក់ថា វាគឺជាទំលាប់​ទៅហើយ ក្នុងការដែលចិន និងកូរ៉េខាងជើង តែងតែបញ្ជូន​ប្រតិភូឲ្យធ្វើទស្សនកិច្ច​ទៅវិញទៅមក ដើម្បី​រាយ​ការណ៍​ពីលទ្ធផលនៃព្រឹត្តិការណ៍​បក្សសំខាន់ៗ។ ក៏ប៉ុន្តែការ​ចេញដំណើររបស់​លោក Song នាលើកនេះ ធ្វើឡើងតែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយការបញ្ចប់​ដំណើរទស្សន​កិច្ច​រយៈពេល ១២ថ្ងៃ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មកកាន់​ទ្វីប​អាស៊ី​ ដែលរួមមាន​ទាំងចិនផងដែរ​នោះ ហើយលោក ត្រាំ បានអំពាវនាវ​ជាច្រើនលើក​ច្រើនសា ឲ្យចិនខិតខំ​បន្ថែមទៀត ដើម្បីទប់ស្កាត់​​​របបដឹកនាំ​ដ៏រឹងទទឹង​មួយនេះ៕