​(ហ្ស៊ីមបាវេ)៖ អតីតអនុប្រធានាធិបតី​ហ្ស៊ីមបាវេ ដែលត្រូវបានបណ្ដេញចេញពីដំណែង កាលពីសប្ដាហ៍​មុន គឺលោក Emmerson Mnangagwa គ្រោងបង្កើត​រដ្ឋាភិបាលអន្តរកាល​មួយ (បណ្តោះអាសន្ន) ដែលអាចនឹង​គ្រប់គ្រង​ប្រជាជាតិ​អាហ្រិ្វក​មួយនេះ រហូតដល់​មានការបោះឆ្នោត​សកល ជ្រើសរើស​ប្រធានាធិបតីថ្មី នារយៈពេល ០៥ឆ្នាំទៀត។ នេះបើតាមការផ្សាយរបស់​សារព័ត៌មាន Financial Gazette ដកស្រង់​ដោយ​ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

Financial Gazette ផ្អែកលើប្រភព​ដែលខ្លួនទទួលបាន​ពីមន្ត្រីជាន់ខ្ពស់​ហ្ស៊ីមបាវេ បានឱ្យដឹង​កាលពីថ្ងៃព្រហស្បតិ៍ថា គំរោងបង្កើត​រដ្ឋាភិបាលអន្តរកាល​នេះ ទទួលបាន​ការគំាទ្រ​ពី យោធា​ហ្ស៊ីមបាវេ និងមនុស្សស្និទ្ធនឹង លោក Emmerson Mnangagwa។ សារព័ត៌មាន​​នេះ​ដដែល បាន​លើកឡើង​ដូច្នេះថា «​លោក Mnangagwa បានត្រឡប់​មកកាន់​រដ្ឋធានី Harare​ វិញក្នុង​រយៈពេលខ្លី បន្ទាប់ពីយោធា​ហ្ស៊ីមបាវេ រឹបអូស​អំណាច និងចាប់​ប្រធានាធិបតី លោក Robert Mugabe ឃុំនៅក្នុងផ្ទះ​នៅដើម​សប្ដាហ៍នេះ។​ ប៉ុន្តែយោធាបដិសេធថា ខ្លួនកំពុងកម្ចាត់ពួកឧក្រិដ្ឋជននៅក្បែរមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ»។

គួរបញ្ជាក់ថា វិបត្តិនៅ​ហ្ស៊ីមបាវេ​បានផ្ទុះឡើង​ខ្លាំង បន្ទាប់ពីកម្លាំង​​យោធា​ហ្ស៊ីមបាវេ បានព្រមាន​ថា នឹងលូកដៃចូល​​កិច្ចការ​នយោបាយ​ ដើម្បីបញ្ចប់​​ភាព​តានតឹង ដែលបង្កឡើង​ដោយសារតែ​​ការបណ្តេញ​​អនុប្រធានាធិបតី​​ហ្ស៊ីមបាវេ លោក Emmerson Mnagawa​ ចេញពីតំណែង ហើយដែល​ទង្វើនេះ​ត្រូវបាន​គេមើល​ឃើញ​ថា ជាការពង្រឹង​អំណាចរបស់ លោក Mugabe និងមានចេតនា​ចង់តែងតាំង​ ប្រពន្ធ​​របស់​លោក​ផ្ទាល់ ធ្វើជា​អនុប្រធានាធិបតី​ជំនួស​វិញ៕