(ប៉េកាំង)៖ ឃ្លីបវីដេអូរួម និងរូបភាពដ៏ចម្លែកៗ បានលេចឡើង​នៅលើបណ្តាញ​អ៊ីនធីណែត ព្រមទាំងប្រព័ន្ធ​ផ្សព្វផ្សាយថ្មីៗ​​នេះ​ ដោយ​បង្ហាញ​ឲ្យឃើញពី ដុំពពក​ដែលមានរាង​ខុសប្លែកពី​ធម្មតា គឺទៅដូច​ទៅនឹង​យានស្រមើស្រមៃ​របស់មនុស្សក្រៅភព ដែលមនុស្ស​ភាគច្រើន​ស្គាល់ថា ជា «ថាស​ហោះ ឬ UFO» អ៊ីចឹង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ សារព័ត៌មានចិន CGTN នៅ​ព្រឹក​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

បាតុភូតខាង​លើបានកើតឡើង នៅលើផ្ទៃមេឃនៃទីក្រុង​ទេសចរណ៍ Lijiang នៃខេត្ត Yunnan ភាគនិរតី​ប្រទេសចិន​នាពេលថ្មីៗ​​នេះឯង ពោលគឺកាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបរាងមូលនៃ​ដុំពពករដ៏គួរឲ្យ​ទាក់ទាញ ចំណាប់អារម្មណ៍​ទាំងនោះ អាច​នឹង​ធ្វើ​ឲ្យអ្នកទស្សនា​ភ័ន្តច្រឡំថា ជា​ថាសហោះ​យ៉ាងងាយ ពីព្រោះថាបើសំឡឹង​មើលចំពីក្រោម គឺប្រៀបដូចជា UFO កំពុងសំកាំង​នៅ​លើ​ផ្ទៃអាកាស។

គួរបញ្ជាក់ថា ជុំវិញហេតុការណ៍​នេះ​មានការលើក​ឡើងថា លក្ខណៈភូមិសាស្រ្ត​នៃដីភ្នំ បូករួមជាមួយ និងស៊ីតុណ្ហភាពត្រជាក់ នៅ​តំបន់​ភាគនិរតីចិន​ទៀតនោះអាចបង្កើត​ចេញជាលក្ខខណ្ឌ​អាកាសធាតុ ដ៏ប្លែកខុសពី​ធម្មតា និងដ៏កម្របែបនេះ​បាន។

សូមជំរាបម្តងទៀតថា រូបភាពខាងលើនេះ​សុទ្ធសឹងតែជារូបភាពពិត ដោយមិនមែនជា​ការកែច្នៃអ្វីនោះ​ឡើយ ដោយវាត្រូវ​បានថតចាប់តាំងពីការប្រមូលផ្តុំរូបរាង​ពពកដំបូង រហូតដល់វារំសាយ​ទៅវិញតែម្តង៕