(វៀងច័ន្ទ)៖ ប្រទេសចិន និងឡាវនាថ្ងៃអង្គារនេះ បានអំពាវនាវដល់​ភាគីពាក់ព័ន្ធ​ទាំងអស់ ធ្វើយ៉ាងឈាន​ដល់ការព្រមព្រៀងគ្នា លើ​ក្រម​ប្រតិ​​បត្តិ​​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យបានឆាប់ ហើយរួមគ្នា​ជួយកសាងផ្លូវទឹក​ដ៏មមាញឹក និងសំខាន់នេះ ទៅជាដែន​​សមុទ្រមួយ​ពោពេញ​ទៅ​​​ដោយ​​សុខសន្តិភាព មិត្តភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​​ថ្ងៃ​​អង្គារ ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ភាគីទាំងពីរ បានធ្វើការលើក​ឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍​រួមគ្នាមួយ ខណៈប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បញ្ចប់​ដំណើរ​បំពេញទស្សនកិច្ចផ្លូវ​រដ្ឋរបស់លោក មកកាន់ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយនេះ។

គួរជម្រាបថា មុនមកប្រទេស​ឡាវ លោក ស៊ី ក៏បានអញ្ជើញ​ចូលរួមកិច្ចប្រជុំកិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់ថា APEC លើកទី២៥ ដែលបានប្រព្រឹត្ត​ទៅកាលពីចុង​សប្តាហ៍មុន នៅឯទីក្រុង​ដាណាង (Da Nang) នៅវៀតណាម ព្រមទាំង​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅ​ឯរដ្ឋធានីហាណូយ នៃប្រទេស​នេះផងដែរ៕