(តៃប៉ិ)៖ រដ្ឋមន្រ្តីបរិស្ថាន​តៃវ៉ាន់ ត្រូវបានរារាំងមិន​ឲ្យចូលរួមក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួល​អាកាសធាតុ​របស់ UN ឡើយ សូម្បីក្នុង​នាម​​ជា​អ្នក​ចូល​រួម​មិនមែនតំណាង​រដ្ឋាភិបាល​ក៏ដោយ ពីព្រោះតែសម្ពាធ​ពីសំណាក់​ប្រទេសចិន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​​ដោយ​​សារព័ត៌មាន​ Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេស​តៃវ៉ាន់​បានឲ្យដឹងថា រដ្ឋមន្រ្តី​បរិស្ថាន លោក Lee Ying-yuan បានសង្ឃឹមថា នឹងអាច​ចូលរួមកិច្ចប្រជុំ​ខាងលើ​របស់អង្គការ​សហប្រជាជាតិ នៅឯប្រទេស​អាល្លឺម៉ង់។ ក៏ប៉ុន្តែដោយ​សារការធ្វើអន្តរាគមន៍​ពី​ចិន លោករដ្ឋមន្រ្តី​ក៏ពុំអាចចូលរួម​ក្នុងកិច្ច​ប្រជុំ UNFCCC នេះបាន។

គួរជម្រាបថា នេះគឺជាលើកចុង​ក្រោយគេបំផុត​ហើយ ដែលកោះតៃវ៉ាន់​ត្រូវបានបន្ទុច​បង្អាក់​ មិនឲ្យចូលរួម​ក្នុង​ព្រឹត្តិការណ៍អន្តរជាតិ​ ដោយសារតែ​ការជំទាស់​ពីប្រទេសចិន។ ទំនាក់ទំនង​រវាងទីក្រុងប៉េកាំង និងទីក្រុង​តៃប៉ិ បានធ្លាក់​ចុះដុនដាប​កាន់តែខ្លាំងទៅ​ ចាប់តាំងតែពី លោកស្រី Tsai Ing-wen ត្រូវបានបោះឆ្នោត​ជ្រើសរើស​ ឲ្យធ្វើជា​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ឆ្នាំមុន។ រដ្ឋាភិបាលចិន​ ជឿថា​ លោកស្រី​ចង់បានឯករាជ្យ​ពេញលេញ​ជាផ្លូវការ សម្រាប់កោះតៃវ៉ាន់ ដែលជាគឺ​ជាបន្ទាត់ក្រហម​មិនអាចរំលង​បានឡើយ សម្រាប់ទីក្រុង​ប៉េកាំង៕